នាយករដ្ឋមន្ត្រី លើកសរសើរពីការរៀបចំការប្រលងជ្រើសរើសមន្ត្រីរាជការ ប្រកបដោយភាពត្រឹមត្រូវ ឈរលើទ្រឹស្តី «អ្នកចេះ គឺជាប់»
(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងកោតសរសើរដល់ក្រសួងមុខងារសាធារណៈ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រឹងប្រែងរៀបចំ ការប្រលងជ្រើសរើស មន្ត្រីរាជការប្រកបដោយភាពត្រឹមត្រូវ ឈរលើទ្រឹស្តី «អ្នកចេះ គឺជាប់» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ខ្ញុំសូមសរសើរទៅដល់ក្រសួងមុខងារ សាធារណៈ, អង្គភាពប្រឆាំងអំពើពុករលួយ (ACU), ស្ថាប័នពាក់ព័ន្ធ ដែលខិតខំជំរុញការប្រកួតប្រជែង។ ទិសដៅរាជរដ្ឋាភិបាល គឺរើសឲ្យត្រូវរើសឱ្យសុក្រឹត ផ្តល់លទ្ធភាពឱ្យស្មើគ្នា ដើម្បីចម្រាញ់យកគុណភាព អ្នកចេះជាប់ អ្នកមិនជាប់ក៏អស់ចិត្ដ អ្នកជាប់ ជាប់ដោយមោទន ។
សម្តេចធិបតី បានបន្តថា ការកំណែទម្រង់រដ្ឋបាលសាធារណៈ និងការជ្រើសរើសមន្ត្រី មានការប្រលងច្រើន គិតមកដល់ពេលនេះ ឃើញថា មានអ្នកដាក់ពាក្យជាង ៨ម៉ឺននាក់ ។ បន្ថែមពីនោះទៀត ការកំណែទម្រង់ស្ថាប័ននៅខាងក្នុង និងការពង្រឹងនូវប្រសិទ្ធភាពស្ថាប័ន គឺត្រូវអាស្រ័យទៅលើការពង្រឹងធនធានមនុស្ស ជាពិសេស ការរៀបចំជ្រើសរើសដំបូង និងការបំពាក់បំប៉នបន្ថែម ទៅដល់មន្ត្រីដែលមានស្រាប់ ។
សូមរំលឹកថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់បញ្ជាក់ថា រាជរដ្ឋាភិបាល នៅក្នុងអាណត្ដិទី៧នេះ បានផ្ដល់ជាគោលការណ៍ណែនាំ មកកាន់ក្រសួងមុខងារសាធារណៈថា រាល់ការប្រលងចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលរបស់មុខងារសាធារណៈ គឺក្រសួងមុខងារសាធារណៈ ត្រូវជាអ្នករៀបចំ ។ អ្វីដែលក្រសួងមុខងារសាធារណៈ បានខំប្រឹងប្រែងធ្វើនៅក្នុងអាណត្តិទី៧នេះ គឺក្រសួងបានទទួលគោលការណ៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំប្រព័ន្ធមួយ ដើម្បីផ្តល់ឱកាសឱ្យអ្នកដែលមានបំណងចូលរួមការប្រលងប្រកួតប្រជែង បម្រើការងារនៅក្នុងវិស័យសាធារណៈ គឺមានឱកាសស្មើៗគ្នា ហើយផ្អែកទៅលើសមត្ថភាពរៀងៗខ្លួន ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការរៀបចំដំណើរការប្រលង គឺធានាការផ្តល់ឱកាសស្មើៗគ្នា ហើយនិងឱកាសច្រើនដង ដើម្បីឱ្យយុវជន-យុវនារី ដែលមានបំណងប្រាថ្នា មានចិត្តចង់ ហើយមានក្ដីស្រមៃ ចង់ចូលរួមការប្រកួតប្រជែង ផ្អែកលើសមត្ថភាពរបស់ខ្លួន នឹងក្លាយទៅជាមន្ត្រីរាជការស៊ីវិល ។ កិច្ចការទាំងអស់នេះ វាទៅព្រមៗគ្នា ហើយក្រសួងជាសេនាធិការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផង ក៏ជាអ្នកបម្រើប្រជាជនផង តាមរយៈការរៀបចំប្រព័ន្ធជ្រើសរើសនេះ គឺគិតគូរដើម្បីផ្តល់ជាយន្ដការ ផ្តល់ជាលក្ខណៈសម្បត្តិ និងការរៀបចំប្រព័ន្ធ ដើម្បីឲ្យយុវជន-យុវនារី អាចសម្រេចបានក្ដីស្រមៃរបស់គាត់ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ