សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានការរីកចម្រើនច្រើន ក្រោយសម្រេចបាននូវសុខសន្តិភាព
(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព ដែលទាំងអស់នេះ បង្ហាញឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាងដែលជប៉ុនបានជួយកម្ពុជា ។
លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានរំលឹកពីជំនួបជាមួយសម្តេច កាលពីជាង ២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេច ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យ ដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។
លោកស្រី បញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះគឺ ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សិក្ខាសាលានេះ មានគោលដៅជំរុញនិងលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE)។ លោកស្រីបានលើកឡើងថា អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានសម្តែងនូវការគាំទ្រចំពោះគម្រោងនេះ និងការលើកទឹកចិត្តឱ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាពផងដែរ។
ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី សម្តេចមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីដែលមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ ។
បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ មានប្រាក់បៀវត្សចំនួន ១២០% ដែលសម្តេចបានលើកឡើងថាប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។ សម្តេចតេជោ បានបន្តថា សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើន ប៉ុន្តែចំនួននេះបានថយចុះនៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម ។
សម្តេចបានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែកនិងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រីជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាង យើងមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។ សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ពស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោ និងលោកស្រីសាស្ត្រាចារ្យ ក៏បានពិភាក្សាគ្នាផងដែរលើការជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជម្រាបពីការងារអាទិភាពរបស់ព្រឹទ្ធសភា រួមមាន ៖ ការធ្វើបច្ចុប្បន្នភាព និងគយនេយ្យភាពរបស់អង្គបោះឆ្នោត និងការរួមចំណែកលើកិច្ចការបរទេសតាមរយៈការទូតសភា។ សម្ដេចតេជោ បានជូនពរលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko សូមឱ្យមានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះ និងសូមអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀតនៅពេលខាងមុខ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ