ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង អនុក្រឹត្យចំនួន ២ និងប្រកាសចំនួន ១ សម្រាប់អនុវត្តច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន ២ និងប្រកាសចំនួន ១ សម្រាប់អនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងនោះ រួមមាន៖ ១. សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធី នៃការប្តឹងនិងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម, ២. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម និង ៣. សេចក្តីព្រាងប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមលទ្ធកម្ម ។ គោលបំណង នៃការៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តទាំងនេះ ឱ្យកាន់តែមានសុក្រឹតភាព និងមានភាពគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ជាមួយលិខិតបទដ្ឋានគតិយុត្តជាធរមាន ដទៃទៀត ។
ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ ដំណាក់កាលទី៤ ដែលត្រូវបានប្រសិទ្ធនាមថា “គណនេយ្យភាពសមិទ្ធកម្ម” ដែលមានគោលដៅឆ្ពោះទៅរក “ការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធ ដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ”។ ក្នុងនោះដែរ ការបន្តការកែទម្រង់ ប្រព័ន្ធលទ្ធកម្មសាធារណៈ គឺជាគោលបំណងដ៏សំខាន់មួយ ដើម្បីបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី៤នេះ តាមរយៈការបន្តកែលម្អដំណើរការនៃការអនុវត្តលទ្ធកម្មសាធារណៈ ការបន្តធ្វើស្វ័យប្រវត្តិកម្មនីតិវិធី នៃការអនុវត្ត លទ្ធកម្មសាធារណៈ តាមប្រព័ន្ធ FMIS និងការបន្តរៀបចំ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំគាំទ្រ ដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)។
ឯកឧត្តម ហ៊ីវ សុវណ្ណ បានបន្តថា ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការកែសម្រួល និងរៀបចំ បង្កើតថ្មីនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ជាបន្តបន្ទាប់សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)។ ក្នុងនោះ មានប្រកាសចំនួន ៣ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុម័ត និងផ្សព្វផ្សាយដាក់ឱ្យអនុវត្តនាពេលកន្លងមក។ បន្ថែមពីលើប្រកាសទាំង៣នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យចំនួន២ និងសេចក្តីព្រាងប្រកាស ចំនួន ១បន្ថែមទៀត ដែលបានយកមកពិនិត្យ ពិភាក្សានៅក្នុងអង្គសិក្ខាសាលានេះ ។
ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានឱ្យដឹងថា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ស្ដីពីលទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចរៀបចំបង្កើតថ្មី កែសម្រួលនិងបំពេញបន្ថែម នូវលិខិតបទដ្ឋានគតិយុត្តមួយចំនួន ក្នុងនោះ មានអនុក្រឹត្យ ចំនួន ៦ និងប្រកាសចំនួន ២៣។ កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំនិងដាក់ឱ្យអនុវត្តប្រកាសចំនួន ៣ រួចហើយ។ សម្រាប់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន ២ និងប្រកាសចំនួន ១ បន្ថែមទៀតសម្រាប់ដាក់ជូនអង្គសិក្ខាសាលាពិនិត្យនិងពិភាក្សា។
អង្គសិក្ខាសាលា បានចូលរួមជាមតិយោបល់ ផ្តល់ការពិគ្រោះយោបល់ យ៉ាងផុសផុល លើកជាសំណួរ និងលើកជាអនុសាសន៍ល្អៗ ដើម្បីឱ្យលិខិតបទដ្ឋានគតិយុត្តទាំងនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចដាក់ឱ្យអនុវត្តបាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបូកសរុបលទ្ធផលដែលទទួលបានពីអង្គសិក្ខាសាលា ដើម្បីពិនិត្យពិចារណាកែលម្អសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តទាំង ៣ ខាងលើ ក៏ដូចជា ការៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធលទ្ធកម្មសាធារណៈដទៃទៀត ដើម្បីគាំទ្រនិងជំរុញ ដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ សំដៅធានាបាន នូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ