ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងស្រុកចិត្របុរី
ក្រចេះ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី កិត្តិសង្គហបណ្ឌិត គន់ គីម អមដំណើរដោយ លោក ហេង សុថា អភិបាលរងខេត្ត និង លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អាជ្ញាធរស្រុកចិត្របុរី និងមន្ទីរជំនាញកសិកម្មខេត្ត បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពតាឃីន នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងសកម្មភាពនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានរំលឹកដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព និងគ្រួសារដែលប្រឈមរងផលប៉ះពាល់ ដោយរបបទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ទាំងអស់ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយត្រូវហូបស្អាត រស់នៅស្អាត និងចេះអនាម័យខ្លួនប្រាណ ដើម្បីចៀសឆ្ងាយពីការឆ្លងការជំងឺរាតត្បាតផ្សេងៗ។ទន្ទឹមនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងរាយការណ៍មកអាជ្ញាធរខេត្តភ្លាមៗ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពី៥ឆ្នាំមុន យើងបារម្ភពីការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ប៉ុន្តែ បច្ចុប្បន្នមិនព្រួយបារម្ភទៀតទេ ដោយសារពួកគាត់បានយល់ដឹង និងទទួលដំណឹងពីអាជ្ញាធរ ហើយប្រជាពលរដ្ឋ ក៏បានត្រៀមលក្ខណៈយ៉ាងល្អ ព្រោះអាជ្ញាធរនៅមូលដ្ឋានភូមិ ឃុំ ស្រុក បានសម្រួលឱ្យមន្ត្រីឃោសនា និងអប់រំដល់ពួកគាត់ ធ្វើឱ្យពួកគាត់បានត្រៀមទុកជាមុននូវសម្ភារនានា ដែលត្រូវយកជាប់ខ្លួន។
លោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះថា ការស្រង់ព័ត៌មានជុំវិញការលិចលង់នេះ មិនទាន់បាន១០០ ភាគរយនៅឡើយ ហើយក៏មិនទាន់បានបិទបញ្ចប់ដែរ ។ លោកថា ទូទាំងខេត្តប៉ះពាល់ដំណាំស្រូវ ៧ពាន់ ៩៣៤ហិកតា ស្មើនឹង ៨ពាន់ ១៦១គ្រួសារ ក្នុងនោះ វាយតម្លៃខូចខាត ៣ពាន់ ៩៩៤ហិកតា ស្មើនឹង ៤ពាន់ ២១៩ហិកតា ,លទ្ធភាពស្តារឡើងវិញបានចំនួន ៣ពាន់ ៧៧៣ហិកតា ស្មើនឹង ៤ពាន់ ៦៤គ្រួសារ នេះជាការវាយតម្លៃបឋមសម្រាប់ ថ្ងៃទី២៥ ខែកញ្ញា ,ថ្ងៃទី២៦ ខែកញ្ញានិងកំពុងធ្វើបច្ចុប្បន្នភាពជាបន្តទៀត។
លោក ទ្រី សុភ័ក្ត្រ បន្តថា ដោយឡែកនៅក្នុងឃុំបុសលាវ មានផលប៉ះពាល់ ៤៦២ហិកតា ស្មើនឹង ៦៥៥គ្រួសារ លទ្ធភាពស្តារឡើងវិញចំនួន ៣០៤ហិកតា ។ប៉ុន្តែប្រសិនបើរយៈពេលមួយសប្តាហ៍ទៀត ទឹកមិនស្រកអស់ទេនោះ វានឹងរងការខូចខាត ៩៩ភាគរយ ។ប្រសិនបើទឹកលិចចាប់ពីរយៈពេល ៨ថ្ងៃឡើងទៅវានឹងរងការខូចខាតទាំងស្រុង។
សូមជម្រាបថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៦ ខែកញ្ញានេះ ទឹកមានកម្ពស់ ២១.៤០ ម៉ែត្រ បើធៀបនឹងពេលព្រឹក ថ្ងៃដដែល ទឹកស្រកចុះ ០.១៣ ម៉ែត្រ៕
ដោយ៖ឡុង សំបូរ