នៅកូរ៉េខាងត្បូង ឈប់លក់សាច់ឆ្កែ បានសំណង៤៥០ដុល្លារ ក្នុង១ក្បាល
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីផែនការផ្តល់សំណង ដល់អ្នកចិញ្ចឹមសត្វឆ្កែ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅក្នុងឧស្សាហកម្មសាច់ឆ្កែ អាចមានដល់៤៥០ដុល្លារ ក្នុង១ក្បាល ជាថ្នូរនឹងការឈប់លក់ ពោលគឺមុនពេលដែល «ការហាមឃាត់ជាផ្លូវការ» នឹងចូលជាធរមាន នៅឆ្នាំ២០២៧ ជាវិធានការដែលកំពុងទាក់ទាញការប្រឆាំងពី កសិករជាអ្នកចិញ្ចឹម និងសកម្មជនសិទ្ធិរបស់សត្វ។
សភារបស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់សំខាន់មួយ កាលពីខែមករា ដែលនឹងហាមឃាត់ការសម្លាប់ ការបង្កាត់ពូជ ឬ លក់សាច់ឆ្កែ សម្រាប់ឲ្យមនុស្សបរិភោគ។ បន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេល បីឆ្នាំ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៣ ឆ្នាំ។
ក្រសួងកសិកម្មបាននិយាយថា កសិករនឹងទទួលបានសំណង ចាប់ពី ១៧០ដុល្លារ រហូតដល់ ៤៥០ ដុល្លារ សម្រាប់ឆ្កែមួយក្បាល ប្រសិនបើពួកគេយល់ព្រមបិទអាជីវកម្ម មុនកាលកំណត់។
ទំនងជាកសិករនឹងមិនទទួលយកការផ្តល់ជូននេះទេ ព្រោះមុននេះ ពួកគេបានទាមទារ ១,៥០៥ ដុល្លារ ក្នុងមួយឆ្កែ។ ពួកគេបាននិយាយថា ការហាមប្រាមនេះរំលោភលើសេរីភាពរបស់ពួកគេ ហើយនឹងធ្វើឲ្យបញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ សមាគមអ្នកចិញ្ចឹមឆ្កែ បានអំពាវនាវឱ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីពង្រីករយៈពេលអនុគ្រោះ និងបន្ថែមផែនការសំណង តាមអ្វីដែលពួកគេហៅថា ជាការសមស្របនឹងស្ថានភាព។
ការិយាល័យកូរ៉េនៃក្រុមប្រឆាំងអំពើឃោរឃៅលើសត្វ Humane Society International បានហៅសេចក្តីប្រកាសរបស់កូរ៉េខាងត្បូងថា «ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការហាមឃាត់ ជាប្រវត្តិសាស្ត្រ ដែលនឹងមើលឃើញការហាមឃាត់ រហូតដល់បញ្ចប់យុគសម័យសាច់ឆ្កែរបស់ប្រទេស»៕
ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត