ម៉ាឡេស៊ីកើបលុយ៣,៥ពាន់លានដុល្លារពីទេសចរឥស្លាមមកពីក្រៅ

បរទេស៖ មជ្ឈមណ្ឌលទេសចរណ៍ឥស្លាម ហៅកាត់ ITC នៅប្រទេសម៉ាឡេស៊ីបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសមួយនេះរកបានចំណូលជាង ៣.៥ពាន់លានដុល្លារអាមេរិក ពីអ្នកទេសចរមូស្លីមបរទេស ចំនួន៤.៥លាននាក់ កាលពីឆ្នាំមុន ហើយតួលេខនេះបង្ហាញថា ទេសចរណ៍មូស្លីម មានសក្តានុពលសេដ្ឋកិច្ចដ៏សំខាន់ ចំពោះប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ មួយនេះ។

លោក Nirzan Nordin អគ្គនាយក ITC បាននិយាយថា ដើម្បីលើកកម្ពស់វិស័យនេះ ITC ផ្តល់នូវការធានាផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច និងទទួលស្គាល់លើការស្នាក់នៅ ក៏ដូចជា ការដាក់ពង្រាយមគ្គុទ្ទេសក៍ទេសចរណ៍មូស្លីមប្រមាណ២២០នាក់ ដែលរួសរាយរាក់ទាក់។

លោក Nirzan Nordin បានអះអាងថា ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ីបាននិងកំពុងបន្តពង្រឹងទំនាក់ទំនង ជាមួយប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ OICក្នុងការលើកកម្ពស់ទេសចរណ៍បែបមូស្លីម។ អង្គការមួយនេះសមាជិកជាប្រទេសមានអ្នកកាន់សាសនាឥស្លាមភាគច្រើន ចំនួន៥៧ប្រទេស។

លើសពីនេះ Nizran បានប្រកាសថា ITC កំពុងរៀបចំកម្មវិធីខែទេសចរណ៍ឥស្លាម ហៅកាត់ ITM ចាប់ពីថ្ងៃទី ១៦ ខែសីហា ដល់ថ្ងៃទី ៣០ ខែកញ្ញា។ កម្មវិធីនេះមានការផ្តល់ជូនការស្នាក់នៅ កញ្ចប់ធ្វើដំណើរទេសចរណ៍វិហារអ៊ីស្លាម សេវាកម្មថែរក្សាសម្ផស្ស និងស្ប៉ា ព្រឹត្តិការណ៍ និងការតាំងពិពណ៌។

គួរបញ្ជាក់ថា ចំនួនប្រជាជនម៉ូស្លីមទូទាំងពិភពលោកមានចំនួនពីរពាន់លាននាក់ដោយក្នុងនោះ នៅបណ្តាប្រទេសអាស៊ាន មានជនមូស្លីមប្រមាណ២៥៥លាននាក់ រួមនឹង៣៥០លាននាក់ បន្ថែមទៀត ដែលរស់នៅជាជនជាតិភាគតិច ក្នុងតំបន់ផ្សេងទៀត។

ការវាយតម្លៃពីសន្ទស្សន៍នៃការធ្វើដំណើរមូស្លីមសកល Mastercard-Crescent បានព្យាករណ៍ថា នៅឆ្នាំ២០២៨ ទីផ្សារធ្វើដំណើរសកលនឹងមានប្រជាជនម៉ូស្លីម ២៣០លាននាក់ បង្កើតការចំណាយចំនួន ២២៥ពាន់លានដុល្លារអាមេរិក៕

ប្រភពពី Thestar

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner