ទេសរដ្ឋមន្រ្តី៖អាជ្ញាធរថ្នាក់ក្រោមជាតិអាចបំពេញតម្រូវការពលរដ្ឋគ្រប់យ៉ាង ឱ្យតែមិនខុសរដ្ឋធម្មនុញ្ញនិងច្បាប់
កំពត៖ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ការផ្ទេរមុខងារ សិទ្ធអំណាចនេះ អាជ្ញាធរថ្នាក់ក្រោមជាតិអាចធ្វើអ្វីក៏បានឱ្យតែជាតម្រូវការរបស់ពលរដ្ឋ ហើយស្របនឹងរដ្ឋធម្មនុញ្ញ និងច្បាប់តួយ៉ាងដូចជាខេត្តកំពតជាគំរូស្រាប់។
ឯកឧត្តម សក់ សេដ្ឋា បានថ្លែងបែបនេះក្នុងឱកាសបិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលធ្វើឡើងនៅខេត្តកំពតនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ឯកឧត្តមបានគូសរំលេចពីវេទិកាដែលទើបបញ្ចប់នេះថា ក្នុងគោលបំណងបង្ហាញពីការតាំងចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញដំណើរការកំណែទម្រង់សំដៅរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣០ និងឆ្នាំ២០៥០ ។ដើម្បីសម្រេចទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលទាមទារឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ មានការគិតគូរថ្មីៗ ដើម្បីសម្រប និងពិនិត្យមើលកំណែទម្រង់នេះ។ក្នុងកំណែទម្រង់នេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើអ្វីក៏បាន ឱ្យតែជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនខុសរដ្ឋធម្មនុញ្ញ និងច្បាប់។ ឯកឧត្តមលើកទឹកចិត្តឱ្យអាជ្ញាធររាជធានី ខេត្ត យកបទពិសោធន៍ និងធ្វើតាមគំរូល្អៗរបស់អាជ្ញាធរខេត្តកំពតដែលបានអនុវត្តកន្លងមក។
ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម។
តាមរយៈវេទិការយៈពេលមួយថ្ងៃកន្លះ (២៥-២៦ខែកញ្ញា)មានលើកឡើងពីបញ្ហាប្រឈម សំណើរ សំណូមពរ របស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក និងខេត្តកំពត ចំនួន ៣៤ករណី ក្នុងនោះខេត្តបានដោះស្រាយរួច១៦ករណី និងស្នើសុំទៅថ្នាក់ជាតិដោះស្រាយ ២៦ករណី(ផុតដែនកំណត់ខេត្តដោះស្រាយ)៕
ដោយ៖ សិលា សារិន