ប្រធាន NOCC ជួបអគ្គរាជទូតជប៉ុនពង្រឹងកិច្ចសហការណ៍គាំទ្រការបណ្តុះបណ្តាលនិងហ្វឹកហាត់នៅប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ពិភាក្សាការងារលើវិស័យកីឡាជំនាញមួយចំនួន ក្នងគោលបំណងពង្រឹងនូវកិច្ចសហការតាមរយៈការស្នើសុំគ្រូមកបង្វឹកនៅកម្ពុជា និងបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសជប៉ុន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ក្នុងជំនួ បដ៏មានសារៈសំខាន់នេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែ លបានគាំទ្រលើការបណ្ដុះបណ្ដាល និងការហ្វឹកហាត់កីឡាកម្រិតខ្ពស់ សម្រាប់កីឡាយូដូ ការ៉ាតេ និងកីឡាទូកកានូ-កាយ៉ាក់របស់កម្ពុជា នាពេលកន្លងមក រហូតដណ្ដើមបានជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការបញ្ជូនក្រុមជំនាញការជប៉ុនចំនួន ៦០នាក់ ចូលរួមរៀបចំចំណាត់ថ្នាក់ពិការភាពដល់អត្តពលិកជនមានពិការភាពកម្ពុជា និងបានជួយការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យដំណើរបានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ឯកឧត្តម បណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានNOCC បានស្នើសុំភាគីជប៉ុន បន្ដការគាំទ្រនូវកិច្ចសហការបន្ថែមទៀត ទៅលើការអភិវឌ្ឍកីឡាយូដូ ការ៉ាតេ និងទូកកានូ-កាយ៉ាក់ ដោយផ្តល់ជាគ្រូបង្វឹកជនជាតិជប៉ុនមកជួយបង្វឹកនៅកម្ពុជា និងផ្ដល់អាហារូបករណ៍ហ្វឹកហាត់រយៈពេលវែងនៅជប៉ុន ដល់អត្តពលិកវ័យក្មេង និងអត្តពលិកពេញវ័យកម្ពុជា លើប្រភេទកីឡាយូដូ ការ៉ាតេ ទូកកានូ-កាយ៉ាក់ ជាពិសេស ផ្ដល់នូវសម្ភារហ្វឹកហាត់កីឡាកាយសម្ព័ន្ធ ដើម្បីពង្រឹងគុណផលកីឡាកម្រិតខ្ពស់ត្រៀមការប្រកួតនានា ជាពិសេសការត្រៀមលក្ខណៈឆ្ពោះទៅ ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន លើឡើងទៀតថា ក្នុងនាម NOCC ឯកឧត្តម បណ្ឌិត ថោង ខុន បានស្នើភាគីជប៉ុន តាមរយៈឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ឱ្យភាគីជប៉ុនជួយជំរុញ និងផ្សព្វផ្សាយដល់អ្នករត់ប្រណាំងនៅប្រទេសជប៉ុន ដើម្បីកៀគរការចូលរួមឲ្យបានច្រើន នៅក្នុងទិវារត់ប្រណាំអអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នៅខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខផងដែរ។
ទន្ទឹមនឹងនេះ ក្នុងនាម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក៏បានទទួលយកសំណើររបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាសហព័ន្ធកីឡាជាតិជប៉ុន ដើម្បីពិនិត្យលទ្ធភាពក្នុងការបន្ដកិច្ចសហការ និងគាំទ្រដល់ការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់តាមសំណើររបស់ភាគីកម្ពុជាផងដែរ។ជាមួយគ្នានោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកបង្ហាញនូវបេក្ខភាពជប៉ុន ឈរឈ្មោះជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិដែលនឹងត្រូវបោះឆ្នោតនៅពេលខាងមុខផងដែរ ។ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានប្តេជ្ញាចិត្តខិតខំស្វែងរកការជួយឧត្ថម្ភសម្រាប់ចំពោះការស្នើសុំរបស់កម្ពុជាផងដែរ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ