ហុងឌូរ៉ាស់ដុតបំផ្លាញគ្រឿងញៀនកូកាអ៊ីនជាង ៤តោន
តេហ្គូស៊ីហ្គាល់ប៉ា ៖ អាជ្ញាធរហុងឌូរ៉ាស បានដុតបំផ្លាញគ្រឿងញៀនប្រភេទកូកាអ៊ីនជាង ៤,១តោន ដែលរឹបអូសបាននៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស។
Read. គ្រឿងញៀនប្រភេទកូកាអ៊ីនរហូតដល់ ៤,១តោន ដែលរឹបអូសបាននៅក្នុងប្រតិបត្តិការរួមគ្នាដោយកងទ័ពជើងទឹក និងកងទ័ពអាកាស ត្រូវបានអាជ្ញាធរហុងឌូរ៉ាសដុតបំផ្លាញចោល។
អ្នកនាំពាក្យនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃការិយាល័យអគ្គមេធាវីហុងឌូរ៉ាស បាននិយាយថា នៅក្នុងប្រតិបត្តិការនេះ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះម្នាក់ជាជនជាតិហុងឌូរ៉ាស និង ៣នាក់ជាជនជាតិវ៉េណេស៊ុយអេឡា ហើយកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃប៉ូលីសយោធាហុងឌូរ៉ាស លោក Jose Coello បានបញ្ជាក់ថា វាគឺជាប្រតិបត្តិការរួមគ្នាមួយ ដែលបានរកឃើញគ្រឿងញៀនដ៏ច្រើននៅនឹងកន្លែង។
យើងកំពុងនិយាយអំពីប្រតិបត្តិការនៅឆ្នេរសមុទ្រអាត្លង់ទិក និងនៅឈូងសមុទ្រមានចម្ងាយឆ្ងាយៗ តាមរយៈប្រតិបត្តិការរបស់កងកម្លាំងជើងទឹកហុងឌូរ៉ាស ដោយមានការគាំទ្រផងដែរពីឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសហុងឌូរ៉ាស៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា