តាលីបង់ប្រឈមការកាត់ទោស រឿងបំបិទសិទ្ធិស្ត្រី និងក្មេងស្រី
កាប៊ុល : មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន អាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ពហុជាតិ ទាក់ទិនការរំលោភសិទ្ធិស្ត្រី និងកុមារី។
រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថានត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវចំណាត់ការផ្លូវច្បាប់ពហុជាតិ នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ជុំវិញការមើលងាយ និងរំលោភសិទ្ធិស្ត្រី និងក្មេងស្រី។
ប្រទេសអូស្ត្រាលី កាណាដា អាល្លឺម៉ង់ និងហូឡង់បានប្រកាសនៅទីក្រុងញូវយ៉កថា មកទល់ពេលនេះ ពួកគេកំពុងចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំខ្លួនក្រុមតាលីបង់ទៅកាន់សវនាការនៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
ជាមួយគ្នានេះ ប្រទេសជាង២០ ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅទីក្រុងញូវយ៉ក គាំទ្រចំណាត់ការផ្លូវច្បាប់របស់ប្រទេសទាំងបួន ប្រឆាំងក្រុមតាលីបង់អាហ្វហ្គានីស្ថាន សម្រាប់ការរំលោភយ៉ាងធ្ងន់ធ្ងរ និងការគាបសង្កត់ជាប្រព័ន្ធដែលកំពុងបន្តការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី។
អាជ្ញាធរតាលីបង់បានអនុវត្តច្បាប់ឥស្លាមយ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ស្ត្រី និងកុមារីបានទទួលរងការរឹតត្បិត និងគាបសង្កត់យ៉ាងខ្លាំង សូម្បីតែចេញទៅលេងកំសាន្តនៅតាមសួនសាធារណៈ, ការសិក្សានៅសាកលវិទ្យាល័យ និងការច្រៀងរាំនៅទីសាធារណៈជាដើម ដែលទង្វើនេះ ត្រូវបានអង្គការសហប្រជាជាតិពិពណ៌នាថា ជា “ការរើសអើងភេទ”៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា