អាមេរិក និងសម្ព័ន្ធមិត្ត ទទូចឱ្យមានបទឈប់បាញ់ជាង ២០ថ្ងៃនៅលីបង់
វ៉ាស៊ីនតោន : អាមេរិក និងសម្ព័ន្ធមិត្តបានជំរុញឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃនៅប្រទេសលីបង់ ចំពេលផ្ទុះការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែឡើងកំដៅនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃនៅលីបង់។
សេចក្តីថ្លែងការណ៍រួមរបស់ប្រធានាធិបតីអាមេរិក និងសមភាគីបារាំង រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសលីបង់ បានក្លាយទៅជារឿងមិនអាចអត់ឱនបាន ហើយវាក៏គ្មានផលប្រយោជន៍សម្រាប់នរណាម្នាក់ដែរ ទាំងប្រជាជនអ៊ីស្រាអែល និងប្រជាជនលីបង់។
សេចក្តីថ្លែងការណ៍រួមបន្ថែមថា យើងអំពាវនាវឱ្យមានបទឈប់បាញ់ ២១ថ្ងៃជាបន្ទាន់នៅទូទាំងព្រំដែនលីបង់-អ៊ីស្រាអែល ដើម្បីផ្តល់កន្លែងសម្រាប់ផ្នែកការទូត ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដោយដំណោះស្រាយការទូត។
ជាមួយគ្នានេះ អ៊ីស្រាអែលបាននិយាយថា ខ្លួនស្វាគមន៍ដំណោះស្រាយផ្លូវការទូតនៅប្រទេសលីបង់ ប៉ុន្តែមិនបានធានាចំពោះបទឈប់បាញ់នោះទេ និងបានប្តេជ្ញាបន្តគោលដៅរបស់ខ្លួន ក្នុងការកម្ទេចក្រុមហេសបូឡា។
យោងតាមអង្គការសហប្រជាជាតិ អំពើហឹង្សាចុងក្រោយនេះ បានបង្កឱ្យមានការជម្លៀសមនុស្សប្រហែល ៩០,០០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់តំបន់មានសុវត្ថិភាព។
សម្រាប់មនុស្សជាច្រើននៅសងខាងព្រំដែនលីបង់-អ៊ីស្រាអែល, អំពើហិង្សាបានបង្កឱ្យមានការចងចាំដ៏ជូរចត់នៃសង្រ្គាមឆ្នាំ ២០០៦ ដែលបានសម្លាប់មនុស្ស ១,២០០នាក់នៅក្នុងប្រទេសលីបង់ ដែលភាគច្រើនជាជនស៊ីវិល និង ១៦០នាក់ជាជនជាតិអ៊ីស្រាអែល ដែលភាគច្រើនជាទាហាន៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា