IMF អនុម័តថវិកាទំហំ ៧ពាន់លានដុល្លារ ពង្រឹងសេដ្ឋកិច្ចប៉ាគីស្ថាន
អ៊ីស្លាម៉ាបាដ : អាជ្ញាធរប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអនុម័តផ្តល់ប្រាក់កម្ចីថ្មីចំនួន ៧ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន។
ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអនុម័តផ្តល់ប្រាក់កម្ចីថ្មីចំនួន ៧ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថានដែលជាប់គាំងសាច់ប្រាក់ជាងពីរខែ។
មន្ត្រីប៉ាគីស្ថានបន្តថា ប្រាក់កម្ចីរបស់ IMF ដែលទីក្រុងអ៊ីស្លាម៉ាបាដ នឹងទទួលបានជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣៧ខែនេះ គឺមានគោលបំណងជំរុញសេដ្ឋកិច្ចប៉ាគីស្ថានដែលកំពុងទន់ខ្សោយ។
ប៉ាគីស្ថានរំពឹងថា នឹងទទួលបានប្រាក់កម្ចីលើកដំបូងក្នុងពេលឆាប់ៗនេះ ទោះបីជាកាលបរិច្ឆេទពិតប្រាកដរបស់វា មិនត្រូវបានទម្លាយឱ្យដឹងភ្លាមៗក៏ដោយ។
យ៉ាងណាមិញ ការអនុម័តផ្តល់ប្រាក់កម្ចីនេះកើតឡើងជាងពីរខែបន្ទាប់ពី IMF បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប៉ាគីស្ថានសម្រាប់ប្រាក់កម្ចីថ្មី។
ហើយវាក៏បានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្រ្តីបាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់អ្នកផ្តល់ប្រាក់កម្ចីសកល គឺ IMF នឹងអនុម័តប្រាក់កម្ចីនៅថ្ងៃពុធសប្តាហ៍នេះ ហើយថា ប៉ាគីស្ថានបានបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ ដែលបានកំណត់ដោយអ្នកឱ្យខ្ចី។
ប្រទេសប៉ាគីស្ថានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានពឹងផ្អែកខ្លាំងលើប្រាក់កម្ចីរបស់ IMF ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា