ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត JETOUR ដែលមានគុណភាព និងបច្ចេកវិទ្យាទំនើប បំពេញតម្រូវការទីផ្សារ និងប្រជាជនកម្ពុជា
ភ្នំពេញ ៖ ស្របពេលដែលទីផ្សារក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ ប្រជាជនក៏មានភាពស៊ីវិលក្នុងការប្រើប្រាស់របស់របរប្រចាំថ្ងៃ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានទទួលសិទ្ធិក្នុងការនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត JETOUR ដែលមានគុណភាព និងបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការទីផ្សារ និងប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ។
ក្នុងសន្និសីទសារព័ត៌មាន ដែលក្រុមហ៊ុន KNN Cambodia ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR នារសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ លោក អុឹង ម៉ុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន KNN CAMBODIA បានឱ្យដឹងថា “ក្រុមហ៊ុន ខេ អិន អិន គឺនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៅកម្ពុជា ដូចនេះបើសិនជាមានអ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តន៍ទៅតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលរំលោភបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន KNN CAMBODIA ” ។
ការប្រកាសជាសារធារណៈនេះ គឺក្នុងគោលបំណងឱ្យសារធារណៈជនទទួលជាព័ត៌មានថា រាល់ការជាវរថយន្តចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្តខ្ពស់ ព្រោះថាក្រុមហ៊ុនKNN Cambodia បានគិតគូទាំងគុណភាព និងបច្ចេកវិទ្យា សម្រាប់បំពេញតាមតម្រូវការពីស្ថានភាពផ្លូវ និងអាកាសធាតុនៅប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ៥ឆ្នាំ ឬ១៥ម៉ឺនគីឡូ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ អតិថិជននិងទទួលបាននូវការធានាលើផ្នែកសេវាកម្ម ពី Jetour Cambodia ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ជាមួយក្រុមជាងដែលមានបច្ចេកទេសជំនាញ ដែលទទួលការបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ដើម្បីធានាបាននូវគុណភាពនៃការប្រើប្រាស់ និងផ្តល់ទំនុកចិត្តដល់អតិថិជនដែលជាអ្នកប្រើប្រាស់ ។
លោក Zhang Ming Gary , Country Manager of JETOUR International បានឱ្យដឹងផងដែរថា ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុនដែលនាំចេញរថយន្តច្រើនជាងគេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសនៅលើទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក ដោយបានចាប់ផ្តើមបោះជំហ៊ានចូលក្នុងទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន ខេអិនអិន ខេមបូឌា ។ ការជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់បំផុត ទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង២០ឆ្នាំ លើការចែកចាយគ្រឿងចក្រធុនធ្ងន់នៅកម្ពុជា និងជាក្រុមហ៊ុនមានទំនួលខុសត្រូវទៅលើការផ្តល់សេវា ធានាគុណភាពលើគ្រឿងបន្លាស់ និងមានគុណភាពខ្ពស់ សម្រាប់អតិថិជនដែលជាអ្នកប្រើប្រាស់ ។
សូមបញ្ជាក់ថា KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀត មានដូចជា ៖ DASHING, T2, X50, X70, X70 Pluses, X90, X95 ជាច្រើនបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានេះផងដែរ ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តគ្រប់ម៉ូឌែលរបស់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់ជាមួយក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័ស នៅទីតាំងក្រុមហ៊ុនផ្ទាល់តែម្តង ជាពិសេសគឺការប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់២០០០ដុល្លារបន្ថែមទៀត នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ៕ ដោយ គ្រី សម្បត្តិ