ស្ត្រីម្នាក់បញ្ចប់ជីវិតលើគ្រែអត្តឃាតលើកដំបូងក្នុងលោក ប៉ូលីសស្វីសចាប់ខ្លួនអ្នកពាក់ព័ន្ធ
បរទេស៖ ប៉ូលីសស្វីសបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ បន្ទាប់ពីមានការសង្ស័យថា ស្ត្រីជនជាតិអាមេរិកអាយុ ៦៤ ឆ្នាំម្នាក់បានស្លាប់ ដោយសារការប្រើប្រាស់គ្រែអត្តឃាត ដែលមានឈ្មោះថា «Sarco Pod» ខណៈអ្នកជាប់ពាក់ព័ន្ធចំនួន ត្រូវបានចាប់ខ្លួន នេះបើតាមទីភ្នាក់ងារព័ត៌មាន Technology Innovation កាលពីថ្ងៃព្រហស្បតិ៍។
ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Merishausen ជិតព្រំដែនប្រទេសអាឡឺម៉ង់ ។ គ្រែបញ្ចប់ជីវិតនេះជាឧបករណ៍ប្រកបដោយចម្រូងចម្រាស់ ដោយសារមានទាំងអ្នកមើលឃើញពីគុណសម្បត្តិ តែក៏មានអ្នកដេញដោលផងដែរពីផ្នែកច្បាប់ និងក្រមសីលធម៌។
ប្រភពបន្តថា គ្រែនេះ ត្រូវបានរចនាឡើង ដើម្បីជាជំនួយសម្រាប់អ្នកចង់ធ្វើអត្តឃាត ដែលអនុញ្ញាតឱ្យបុគ្គលនោះធ្វើប្រតិបត្តិការវាដោយខ្លួនឯង ដោយគ្រាន់តែឆ្លើយសំណួរដែលកំណត់ដោយម៉ាស៊ីនស្វ័យប្រវត្តិ បន្ទាប់មកចុចប៊ូតុតដើម្បីឱ្យវាដំណើរការជាការស្រេច។
ការិយាល័យរដ្ឋអាជ្ញាសាធារណៈ Schaffhausen បានបញ្ជាក់ថា ការស៊ើបអង្កេត ផ្តោតលើការសង្ស័យថាមានការញុះញង់ជំរុញអំពើអត្តឃាត ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់។ មន្ត្រីជំនាញផ្នែកកោសល្យវិច្ច័យកំពុងពិនិត្យឧបករណ៍ ហើយសាកសពស្ត្រីនោះកំពុងធ្វើកោសល្យវិច័យ។
លោកវេជ្ជបណ្ឌិត Nitschke ដែលបានតាមដានការស្លាប់របស់ស្ត្រីរូបនេះ បាននិយាយថា លោកស្រីបានបាត់បង់ស្មារតីឬសន្លប់ ក្នុងរយៈពេលពីរនាទី និងបានស្លាប់ ក្នុងរយៈពេល៥នាទី។ មុននឹងប្រើប្រាស់គ្រែអត្តឃាតមួយនេះ មានក្រុមហ៊ុនផ្នែកច្បាប់មួយបានជូនដំណឹងទៅអាជ្ញាធរបានដឹងផងដែរ។ បន្ថែមពីលើនេះស្ត្រីរងគ្រោះក៏បានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយ បញ្ជាក់ពីការសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដែលគាំទ្រដោយគ្រួសារ រួមទាំងកូនប្រុសទាំងពីររបស់លោកស្រី៕
ប្រែសម្រួល៖ សារ៉ាត