អភិបាលខណ្ឌច្បារអំពៅ ណែនាំកម្លាំងគណៈបញ្ជាការឯកភាព ឱ្យយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ
(ភ្នំពេញ)៖ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង បរិស្ថានអនាម័យ នៅតាមទីអារាម ទាំង២៤វត្ត ទូទាំងខណ្ឌច្បារអំពៅត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដាក់ចេញជាផែនការអនុវត្តអោយបានល្អប្រសើដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ មកធ្វើបុណ្យដោយទឹកចិត្តជ្រះថ្លា ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជំបិណ្ឌ ។ មិនតែប៉ុណ្ណោះ បញ្ហាបរិស្ថានអនាម័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយព្រះគ្រូចៅអធិការទាំង២៤វត្តរៀបចំបានយ៉ាងល្អប្រសើ ។
ជាថ្មីម្ដងទៀត ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បាន ណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ សហការគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមកធ្វើបុណ្យនៅទីអារាម ក្នុងភូមិសាស្ត្រខណ្ឌ ច្បារអំពៅ នឹងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ មុខសញ្ញា សង្ស័យមួយចំនួន ចូលមក ក្នុងវត្ត បើមានការសង្ស័យ សូមឃាត់ខ្លួនយកមកសាកសួរដើម្បីកុំឲ្យមានការរំខានដល់ពិធីបុណ្យ ។ ចំណុចមួយទៀត សូមឲ្យយកចិត្តទុកដាក់ ពិនិត្យតាមដានរាល់សកម្មភាពចេញចូលរបស់ បុគ្គលមួយចំនួន ដែល ឆ្លៀតឱកាសចូលរួមក្នុងពិធីបុណ្យ តែបែជាមកធ្វើសកម្មភាពល្មើសច្បាប់ ក្នុងន័យ បង្កអសន្ដិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ។
ផ្ដើមចេញ ពីការយកចិត្តទុកដាក់ របស់កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនពុទ្ធបរិស័ទនិង ប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យ នៅតាមទីអារាម បានធ្វើឲ្យព្រះគ្រូចៅអធិការគ្រប់វត្ត មានការកក់ក្តៅលើបញ្ហាសន្តិសុខ
សណ្ដាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ ព្រះគ្រូចៅអធិការវត្ត ក៏បានថ្លែងអំណរគុណដល់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីអារាមទាំង២៤ ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្នំបិណ្ឌ ៕
ដោយ ៖ វណ្ណលុក