ប្រពៃណីជួបជុំវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិ នៅស្រុកទឹកឈូ
កំពត៖ផ្តួចផ្តើមដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកទឹកឈូបានរៀបចំពិធីជួបជុំវេចនំអន្សមខ្មែរថែវប្បធម៌ជាតិ ។ពិធីនេះក្រៅពីការ ថែរក្សាវប្បធម៌ខ្មែរដ៏ល្អផូរផង់ក៏ដើម្បីបញ្រ្ជាបទៅកាន់យុវជន យុវនារីខ្មែរជំនាន់ក្រោយបានឃើញនិងចូលរួមថែរក្សាវប្បធម៌ ជាតិដ៏ថ្លៃថ្លាផងដែរ។
មានអាជីពជាអ្នកវេចនំអន្សម វ័យ៧០ឆ្នាំ អ្នកស្រី យិន ភូ រស់នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូបានបង្ហាញអារម្មណ៍ សប្បាយរីករាយ ក្នុងការមកចូលរួមជួយវេចនំ និងបង្រៀនដល់ក្មេងៗជំនាន់ក្រោយ។អ្នកស្រីនិយាយថា ក្មេងស្រីៗឥឡូវ ភាគច្រើនមិនចេះវេចនំអន្សមនោះទេ។ពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ឪពុកម្តាយជាអ្នកវេចនំអន្សម ដើម្បីផ្ញើកូន នៅពេលកូនៗមកលេងស្រុកកំណើត។
ចូលរួមក្នុងកម្មវិធីបណ្ដុះគំនិតស្រឡាញ់វប្បធម៌នេះដែរ ក្រុមយុវជនស្រុកទឹកឈូ បាននិយាយថា ពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិ ជាឱកាសល្អសម្រាប់ពួកគេ បានមកជួបគ្នា ស្គាល់គ្នា រៀនវេចនំអន្សមជាមួយគ្នា ។ ពិសេសបានបង្កើនភាពស្និទស្នាលជាមួយមន្ត្រីរាជការសាលាស្រុក។ ពួកគេបានអគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែននិងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ អាចជួបជុំគ្នា ធ្វើបុណ្យ ធ្វើទាន ។
លោកស្រី តាន់ គឹមហុង ប្រធានកិត្តិយស អនុសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកទឹកឈូ តំណាងឱ្យស្វាមីដែលជាអភិបាលស្រុក បានបញ្ជាក់ថា ការរៀបចំពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិនេះឡើង ដើម្បីឱ្យក្មេងៗជំនាន់ក្រោយ មានឱកាសរៀនវេចនំ ជាមួយ មីងមា ចាស់ទុំក្នុងស្រុក បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងចូលរួមថែរក្សាប្រពៃណី វេចនំសន្សមខ្មែរ សម្រាប់ពិធីបុណ្យភ្ជុំ កុំឱ្យបាត់បង់។
សម្រាប់ពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិនៅស្រុកទឹកឈូ មានការវេចនំអន្សមចេក និងអន្សមជ្រូកបានជាង៥០០នំ។ការវេចនំអន្សមនេះសម្រាប់ទទួលទានជុំគ្នានៅសាលាស្រុក និងមួយចំនួនសម្រាប់ផ្ញើជូនដល់ក្រុមគ្រួសារមិនបានចូលរួមនិង មួយចំនួនទៀតសម្រាប់យកទៅវត្តប្រគេនព្រះសង្ឃ៕
អត្ថបទនិងរូបភាព៖ សិលា សារិន