សភាពាណិជ្ជកម្មកម្ពុជា បង្កើតឱកាសឱ្យសមាជិកសមាជិកាមកពីវិស័យផ្សេងៗតភ្ជាប់បណ្តាញអាជីវកម្ម
ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីរាត្រីបណ្តាញសមាជិក (Members Networking Night) ដែលពិធីនេះធ្វើឡើងនៅអគារ Urban Village Phase One រាជធានីភ្នំពេញ។
កម្មវិធីរាត្រីបណ្តាញសមាជិកនេះ បង្កើតឡើងក្នុងគោលបំណងឱ្យសមាជិក សមាជិកា មកពីវិស័យផ្សេងៗ បង្កេីតឱកាសតភ្ជាប់បណ្តាញអាជីវកម្ម, ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការគ្នា សងលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍រាត្រីនេះរៀបចំឡើងដើម្បីជំរុញទំនាក់ទំនង និងជាការបើកផ្លូវសម្រាប់ឱកាសថ្មីៗនៅក្នុងវិស័យធុរកិច្ច តាមរយៈការតភ្ជាប់បណ្តាញអាជីវកម្ម និង ឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗ សំដៅពង្រឹងខ្សែសង្វាក់តម្លៃរួម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមឧកញ៉ាបន្តថា កម្មវិធីនេះធ្វើឡើងតាមការសន្យាចំពោះសមាជិក សមាជិកា ដើម្បីបង្កើតភាពទាក់ទាញដល់ពាណិជ្ជករមកពីវិស័យនានា និង បណ្តាប្រទេសក្នុងតំបន់ ដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត ស្វែងរកឱកាសធ្វើអាជីវកម្មថ្មីៗ និងបង្កើនទំនាក់ទំនងក្នុងភាពជាដៃគូរយូរអង្វែង។ គោលដៅរបស់អ្នកចូលរួម គឺដើម្បីចែករំលែកចំណេះដឹង ស្វែងរកការណែនាំ ឬពង្រីកបណ្តាញវិជ្ជាជីវៈនានា។
ឯកឧត្តមឧកញ៉ាជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះ នឹងពង្រឹងទំនាក់ទំនងនៅក្នុងសហគមន៍ធុរកិច្ច ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងជាពិសេសក្នុងន័យជម្រុញបរិយាកាសការធ្វើអាជីវកម្មនានា ក៏ដូចជាផ្តល់អំណោយផលក្នុងគោលបំណងរួមចំណែក ឆ្ពោះទៅរកកំណើន និងភាពធន់នៃសេដ្ឋកិច្ច។
នាឱកាសនោះដែរ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនបំផុតពីកម្មវិធីនេះ ដើម្បីឱ្យអ្នកចូលរូមទាំងអស់អាចពង្រីកបណ្តាញអាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល ខណៈពេលដែលការស្វែងរកភាពជាដៃគូប្រកបដោយសក្តានុពល គឺនឹងផ្តល់ប្រយោជន៏មិនត្រឹមតែជាការគាំទ្រ និងលើកស្ទួយអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកឱ្យកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។
គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជម្រុញគោលនយោបាយលើកស្ទួយវិស័យឯកជនបង្កើនចំណងមិត្តភាពពាណិជ្ជកម្មនានា ក៏ដូចជាការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសផងដែរ៕ អត្ថបទ : ឈឹម ទីណា