រដូវបុណ្យភ្ជុំបិណ្ឌនៅវត្តព្រះនរាយណ៍ ហៅវត្តខ្វែង
បាត់ដំបង៖ ឯកឧត្តម ញឹម ខេមរា អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកសង្កែ និងលោកជំទាវ និងឯកឧត្តម អ៊ុត ក្លឹង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវត្តតាមិម ជាតំណាងឯកឧត្តម ហែម វណ្ឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកសង្កែ និងសហការី ជាមួយប្រជាពុទ្ធបរិស័ទបាននាំយកទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យមួយចំនួនចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះនរាយណ៍ ហៅវត្តខ្វែង ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ២០២៤។
លោក ជាម សំអឿន អាចារ្យវត្តព្រះនរាយណ៍ ហៅវត្តខ្វែងបានរៀបរាប់ថាគិតចាប់តាំងពីបិណ្ឌទី១និងរហូតមកដល់បិណ្ឌ
ទី១០នេះសម្រាប់វត្តខ្វែងមានប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅស្រុកបានមកចូលរួមពិធីកាន់វេនបិណ្ឌជាប់ជាហូរហែ។មិនមានការដាច់វេននោះទេ
ព្រមជាមួយនេះ លោកអាចារ្យ ជាម សំអឿន បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ត្រូវបន្តរួមសាមគ្គីគ្នានាំគ្នាថែរក្សាការពារនូវសុខសន្តិភាព របស់យើងគ្រប់ៗគ្នា ឱ្យបានគង់វង្សយូរ។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់ពុទ្ធសាសនិកខ្មែរ។បុណ្យភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ខែតុលានិងជាថ្ងៃបញ្ចប់នូវរដូវកាលនៃពិធីបុណ្យមួយនេះ ៕
អត្ថបទនិង រូបភាព៖ អ៊ុក សំអាន បប.