ពិព័រណ៍ត្រីចិញ្ចឹម ដើម្បីជំរុញវារីប្បករ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
សៀមរាប៖ពិព័រណ៍ត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្ថិភាពព្រមទាំងមានដាក់បង្ហាញម្ហូបធ្វើអំពីសាច់ត្រីផង បានធ្វើឡើងនៅសួនច្បារមាត់ស្ទឹង មុខព្រះរាជដំណាក់ ក្រុងសៀមរាប។ម្ហូបដែលធ្វើអំពីសាច់ត្រី ក៏ផ្តល់ឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិភ្លក់រសជាតិបានដោយសេរីនិងមិនគិតប្រាក់។
កម្មវិធីដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤គឺគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្ម នៅកម្ពុជា ឬហៅកាត់ថា គម្រោងកម្ពុជា (Cast Cambodia) សហការជាមួយសហគមន៍វារីវប្បករកម្ពុជា និងដៃគូពាក់ព័ន្ធនានា ដោយមានការចូលរួម ពីសំណាក់ លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ត្រីចិញ្ចឹម លោក អ៊ុង គឹមលាង អភិបាលរងខេត្តសៀមរាប ទាញអារម្មណ៍អ្នកចូលរួមថានៅប្រទេស កម្ពុជាត្រីគឺជាប្រភពអាហាររបស់ប្រជាពលរដ្ឋជាង៨០ភាគរយ។តាមតួលេខប៉ាន់ស្មានក្នុងឆ្នាំ២០១៩ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងមួយឆ្នាំបរិភោគត្រីចំនួន៥៧,៣គីឡូក្រាមបើធៀបទៅនឹងតួលេខបច្ចុប្បន្នក្នុងពិភពលោកដែលទទួលទានត្រឹមតែ ២០.៥គីឡូក្រាមក្នុងម្នាក់ក្នុងឆ្នាំ ។លោកបន្តថា កម្ពុជាមានធនធានត្រីទឹកសាប ច្រើនជាងគេនៅក្នុងពិភពលោក ខណៈដែលវារី វប្បកម្មហាក់ទើបរីកចម្រើនគួរឱ្យកត់សម្គាល់នាទសវត្សរ៍ចុងក្រោយនេះ។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែកគឺរួមចំណែកជួយការងារកសិកម្ម ជាពិសេសផ្នែកវារីវប្បកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយនិងបង្កើនការយល់ ដឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជន អំពីផលិតផលវារីវប្បកម្មចិញ្ចឹមក្នុងស្រុក ។
ឯកឧត្តមបន្ថែមថា ពិព័រណ៍នេះក៏ជួយផ្សព្វផ្សាយជំរុញការលក់ផលិតផលត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយម៉ាកយីហោត្រីខ្មែរសុវត្ថិភាព ដែលបង្កើតដោយសហគ្រាសខ្នាតតូច និងមធ្យម គាំទ្រដោយគម្រោងកម្ពុជា និងជាសមាជិកសមាគមវារីប្បករនៅកម្ពុជា ទៅទីផ្សារក្រៅប្រទេសដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករវិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជន។
សូមជម្រាបថា ក្នុងពិព័រណ៍ត្រីចិញ្ចឹម ក៏មានដាក់តាំងម្ហូបអាហារដែលធ្វើពីសាច់ត្រីច្រើនបែប ច្រើនមុខដ៏មានឱជារសឈ្ងុយឆ្ងាញ់សម្រាប់ ភ្ញៀវចូលរួម និងភ្ញៀវទេសចរបានភ្លក់ដោយសេរី។ទន្ទឹមនេះក៏មានការដាក់តាំងផលិតផលផ្សេងៗដែលបាន កែច្នៃអំពីសាច់ត្រីជាច្រើនមុខផងដែរ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបង្ហាញថាផលជលផលប្រចាំឆ្នាំជាមធ្យមមានចំនួនប្រមាណ៩០ម៉ឺនតោន។ក្នុងនោះផលត្រីទឹកសាបមានចំនួន ប្រមាណពី ៤០ភាគរយ ទៅ ៥០ភាគរយ, ផលនេសាទសមុទ្រចំនួនពី ១០ភាគរយ ទៅ១៥ភាគរយ និងផលវារីរប្បកម្មចំនួនពី ៣០ភាគរយ ទៅ៣៥ភាគរយ៕
អត្ថបទនិងរូបភាព៖ប៊ុនរដ្ឋា