ខេត្តកំពង់ធំបិទវគ្គបំប៉នជំនាញតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
កំពង់ធំ៖បន្ទាប់ពីដំណើររយៈពេល១២ថ្ងៃ វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញរយៈពេលខ្លីស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាល រដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍បានបិទបញ្ចប់កាល ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
វគ្គបណ្ដុះបណ្ដាលបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកញ្ញាដោយមានគ្រូឧទ្ទេសនាមចំនួន១០ រូប បង្រៀនលើមេរៀន ចំនួន១០ និងមានសិក្ខាកាមចូលរួម១៥៣នាក់( ស្រី៣៨នាក់ )មកពីការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីអ្នកគ្រប់គ្រងដឹកនាំ ទៅជាអ្នកបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ គោរពអនុវត្ត វិន័យ សីលធម៌ សំដីសំដៅ សុភាពរាបសារ ទន់ភ្លន់ រួសរាយរាក់ទាក់ ម៉ឹងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយមានទំនួលខុសត្រូវខ្ពស់៕
ដោយ៖ប៊ុនរដ្ឋា