ផ្ដល់ប័ណ្ណសរសើរ ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅអនុវិទ្យាល័យព្រៃព្រាល
កំពង់ធំ៖លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងលោកជំទាវ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្ដល់ប័ណ្ណសរសើរដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និន្ទេសល្អ ល្អបង្គួរ សិស្សចំណាត់ថ្នាក់ប្រចាំឆ្នាំលេខ១ដល់លេខ៥ និងបិទបញ្ចប់ឆ្នាំសិក្សា២០២៣-២០២៤ ស្ថិតនៅអនុវិទ្យាល័យព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក ម៉ាក់ សានី នាយកអនុវិទ្យាល័យព្រៃព្រាល បានលើកឡើងពីគោលបំណងនៃកម្មវិធីនេះគឺដើម្បី លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលបានខិតខំសិក្សាពេញមួយឆ្នាំរហូតដល់ទទួលបានលទ្ធផលសិក្សាល្អចំណាត់ថ្នាក់លេខ១ដល់លេខ៥។
ចំណែកឧកញ៉ា តាន់ មុន្នី រំលឹកសិស្សានុសិស្សពីភាពតស៊ូ រៀនសូត្រ ស្គាល់ពីតម្លៃនៃការសិក្សា ។ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន។ទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក,ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
សូមជម្រាបថាសម្រាប់សិស្សានុសិស្សដែលបានទទួលបណ្ណសរសើរមានចំនួន៣៨នាក់ចាប់ពីថ្នាក់ទី៧ដល់ទី៩។ពួកគេបានទទួលរង្វាន់ជា សៀវភៅសរសេរ ប៊ិច និងថវិកាមួយចំនួន៕
ដោយ៖ប៊ុនរដ្ឋា