ថៃប្រឈមជន់លិចក្រុងបាងកកនិងខេត្ត៥ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ កាសែត The Nation បានចេញផ្សាយថា ទីក្រុងបាងកក និងខេត្តនៅតំបន់ភាគកណ្តាលចំនួន៥ផ្សេងទៀត ប្រឈមនឹងគ្រោះទឹកជំនន់ ចាប់ពីថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃទី ២ ខែតុលា នេះបើតាមការព្រមានរបស់ការិយាល័យធនធានទឹកជាតិ ហៅកាត់ ONWR កាលពីថ្ងៃសុក្រ។
ONWR បានព្យាករណ៍ថា ទឹកសមុទ្រកើនឡើង, ភ្លៀងធ្លាក់ខ្លាំង ដាច់ដោយឡែកពីគ្នា ដែលបង្កឡើងដោយខ្យល់មូសុងនិរតី និងទឹកជំនន់ពីភាគខាងជើង នាំឲ្យមានការបង្កើនកម្រិតទឹកនៃទន្លេ Chao Phraya, Mae Klong និងទន្លេ Tha Chin។
ការិយាល័យកំពុងតាមដានស្ថានភាព នៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ នៅបាងកក និងខេត្ត Samut Songkhram, Samut Sakhon, Nakhon Pathom, Nonthaburi, និង Samut Prakan ។
យ៉ាងណាមិញ ទឹកជំនន់បានបណ្តាលឱ្យខេត្តចំនួន១៩ផ្សេងទៀត ត្រូវបានជន់លិចរួចមកហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ រួមទាំង ឈៀងរ៉ៃ, ឈៀងម៉ៃ ផងដែរ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ