ឥណ្ឌូនេស៊ីពិនិត្យសុខភាពដល់ប្រជាជនមិនគិតថ្លៃចាប់ពីឆ្នាំក្រោយ
បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ីជាប់ឆ្នោតថ្មី លោក Prabowo Subianto នឹងចាប់ផ្តើមផែនការពិនិត្យសុខភាពថ្នាក់ជាតិ ដោយឥតគិតថ្លៃ ផ្តោតជាបឋមលើប្រជាជនចំនួន៥៥លាននាក់ ចាប់ពីឆ្នាំ២០២៥តទៅ នេះបើទីតាមប្រឹក្សាសេដ្ឋកិច្ច របស់លោក Prabowo។
លោក Burhanuddin Abdullah ទីតាមប្រឹក្សាសេដ្ឋកិច្ចនិង ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃក្រុមយុទ្ធនាការជាតិនេះ បានឲ្យដឹងថា វាគឺជាគំនិតផ្តួចផ្តើមសុខភាពប្រកបដោយមហិច្ឆតា ដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ជាជំងឺដែលនៅតែបង្កបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ស្រួចស្រាវនៅក្នុងប្រទេស ជាមួយនឹងការស្លាប់មនុស្សរាប់ពាន់នាក់ ពីជំងឺនេះ ជារៀងរាល់ឆ្នាំ។ វាក៏ជាផ្នែកមួយនៃកំណែទម្រង់ការថែទាំសុខភាព កាន់តែទូលំទូលាយ ផ្តោតលើសុខភាពគួរឲ្យបារម្ភ ដូចជា បញ្ហាសម្ពាធឈាម, ជាតិស្ករក្នុងឈាម, អាស៊ីតអ៊ុយរិក និងការវិវឌ្ឍទៅរកជំងឺធ្ងន់ធ្ងរ។
ប្រភបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូង កម្មវិធីនេះផ្តល់អាទិភាពដល់ប្រជាជនឥណ្ឌូនេស៊ី អាយុលើសពី ៥០ឆ្នាំ ក៏ដូចជា អ្នកមានហានិភ័យខ្ពស់នៃការឆ្លងជំងឺរបេង ឬ ជំងឺធ្ងន់ធ្ងរផ្សេងទៀត។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្មវិធីនេះនឹងពង្រីកដល់ប្រជាជនប្រមាណ២០០លាននាក់។
លោក Dicky Budiman អ្នកឯកទេសខាងរោគរាតត្បាត មកពីសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី បាននិយាយថា វិធានការនេះអាចនឹងកាត់បន្ថយការចំណាយលើការថែទាំសុខភាព នាពេលអនាគត៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត