សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឱ្យ Telegram
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបាន តែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសំឡេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឱ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។ ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ។
សម្តេចតេជោបន្តថា ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឱ្យខ្ញុំព្រួយបារម្ភពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ។
ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឱ្យ Telegram។
ស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។
សម្តេចតេជោបញ្ជាក់ថា នេះមិនមែនជាការបង្ខិតបង្ខំឱ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្ថិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឱ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬឯកជនបាននោះឡើយ។ យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសំឡេង ទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជា មាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕
ដោយ៖ពលជ័យ