អ៊ីរ៉ង់កាន់ទុក្ខ៥ថ្ងៃ ចំពោះមរណៈភាពមេដឹកនាំHezbollah
បរទេស ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសកាន់ទុក្ខ រយៈពេល៥ថ្ងៃ សម្រាប់មរណៈភាពប្រមុខដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារ នាពេលថ្មីៗនេះ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បញ្ជាក់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់ Nasrallah ដ៏អស្ចារ្យ និងប្រកាសការកាន់ទុក្ខជាសាធារណៈ រយៈពេលប្រាំថ្ងៃ នៅក្នុងប្រទេសឥស្លាមមួយនេះ»។
យោធាអ៊ីស្រាអែលបានអះអាងថា មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃសុក្រ នៅទីក្រុងបេរូត ប្រទេសលីបង់។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា យោធាខ្លួនទើបបានវាយប្រហារទីស្នាក់ការកណ្តាល របស់ក្រុមហេសបូឡា។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកមានការព្រួយបារម្ភពីស្ថានការណ៍យ៉ាងខ្លាំង ក្រោយមរណៈភាពលោក Hassan Nasrallah។ ប៉ុន្តែ អ៊ីស្រាអែលចាត់ទុកថា ពិភពលោកនឹងមានសុវត្ថិភាពជាងមុន ក្រោយការស្លាប់ លោក Nasrallah៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត