អ៊ីស្រាអែលបន្តវាយឆ្មក់ទីតាំងហេសបូឡា ក្រោយស្លាប់មេធំHassan Nasrallah
បរទេស៖ នៅថ្ងៃអាទិត្យនេះ អ៊ីស្រាអែលបានបន្តបើកការវាយឆ្មក់ លើទីតាំងរបស់ពួកសកម្មប្រយុទ្ធ ហេសបូឡា រាប់សិបកន្លែង បន្ថែមទៀត នៅក្នុងប្រទេសលីបង់ នេះបើតាមកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយចំគោលដៅរបស់ក្រុមហេសបូឡាហ៍ បន្ថែមទៀតនេះ បានកើតមានឡើង ក្រោយរយៈពេលពីរថ្ងៃ ដែលខ្លួនបានវាយប្រហារតាមអាកាស សម្លាប់មេក្រុមហេសបូឡាគឺលោក Hassan Nasrallah នេះបើតាមសេចក្តីថ្លែងការណ៍មួយ នៅលើ Telegram របស់ IDF។
គួរបញ្ជាក់ថា Hezbollah គឺជាក្រុមដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសលីបង់ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ។ ប៉ុន្តែ បន្ទាប់ពីជិតមួយឆ្នាំនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនដែលមានត្រឹមកម្រិតទាប អ៊ីស្រាអែលបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃប្រតិបត្តិការរបស់ខ្លួនចេញពីហ្គាហ្សា ទៅកាន់ប្រទេសលីបង់វិញ ជាកន្លែងដែលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ ចាប់តាំងពីថ្ងៃចន្ទមក បានសម្លាប់មនុស្សរាប់រយនាក់ និងបានជម្លៀសខ្លួនប្រហែល ជាង១១ម៉ឺននាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត