ADB ចាប់ផ្តើមកិច្ចពិភាក្សាដំបូង  អំពីការអនុវត្តយុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អភិវឌ្ឍន៍កម្ពុជា របស់ខ្លួន

 
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល  និង ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ កម្ពុជា(CDRI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនាំមុខមួយ បានចាប់ផ្តើមដំណើរការ កិច្ច ពិភាក្សា ដំបូងនៃកិច្ចពិភាក្សាបន្តបន្ទាប់មួយចំនួនស្តីពីការគាំទ្ររបស់ ADB សម្រាប់របៀបវារៈ អភិវឌ្ឍន៍ របស់កម្ពុជា។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា «យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB  ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ សំដៅ ពង្រឹងភាពជា ដៃគូ ជាមួយកម្ពុជា ដើម្បីវិបុលភាព និងពលរដ្ឋកម្ពុជា ព្រមទាំងភពផែនដី។ ADB បានដាក់ចេញនូវ ផែនការ សកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និង ពង្រឹងភាពធន់នឹង អាកាសធាតុ។ កិច្ច ពិភាក្សាដែលធ្វើឡើងទាំងនេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បី ប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ នានា រួមមាន ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើង ឯក ពីវិស័យ ឯកជន អ្នកដឹកនាំថ្នាក់​ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ យើង សង្ឃឹម ថា នឹងអាច អនុវត្ត ផែន ការរបស់យើង រួម គ្នា ដើម្បី សម្រេចបានលទ្ធផល ជាក់ ស្តែង សម្រាប់ ប្រទេស និង ប្រជាជន កម្ពុជា។»
 
កិច្ចពិភាក្សាទី១នេះ បានរៀបចំឡើង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ក្នុងខេត្ត បាត់ដំបង ដោយ មានតំណាង​មកពីស្ថាប័នពាក់ព័ន្ធ ស្ថាប័នអប់រំ និងវិស័យឯកជនប្រមាណ ១០០ នាក់ ចូលរួម។
 
វាគ្មិនចូលរួមក្នុងកិច្ចពិភាក្សាទី១នេះ ដែលរួមមាន លោកស្រី Jyotsana Varma, លោកស្រី  បណ្ឌិត អេង នេត្រា (នាយិកាប្រតិបត្តិ CDRI),  លោក Parth Borkotoky (ប្រធានសភា ពា ណិជ្ជកម្ម អន្តរជាតិ កម្ពុជា) និង លោក Pratish Halady  (នាយក ប្រចាំ តំបន់អាស៊ីអាគ្នេយ៍របស់ ADB ទទួលបន្ទុក ផ្នែកអភិវឌ្ឍន៍វិស័យឯកជន) ចែករំលែកយោបល់អំពី អាទិភាពជាតិសម្រាប់កំណើនខ្ពស់និងប្រកប ដោយ បរិយាប័ន្ន ការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ ADB ទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងទស្សនៈ ស៊ីជម្រៅ របស់ វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ។ អ្នក ចូលរួមក៏បានលើកជាសំណួរ និងចែករំលែកយោប់សំខាន់ៗជាច្រើន។
 
ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំ ឆ្នាំជា មធ្យមប្រមាណ ៣៦០ លានដុល្លារពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ ការគាំទ្រចម្បងរបស់ ADB ដែល ស្រប ទៅនឹងយុទ្ធសាស្ត្រជាតិ ផ្តោតលើវិស័យ  កសិកម្ម ធនធានធម្មជាតិនិងការអភិវឌ្ឍជនបទ អប់រំ  ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម គ្រប់គ្រងសាធារណៈ ដឹកជញ្ជូន ព្រមទាំង ហេដ្ឋា រចនាសម្ព័ន្ធទីក្រុង និងសេវាកម្មផ្សេងៗទៀត។
 
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំ​បាត់​ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រង​ដោយសមាជិក​ចំនួន ៦៨ ប្រទេស ដែល ក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner