Biden៖ សម្លាប់ Hassan Nasrallah ជាវិធានការយុត្តិធម៌
បរទេស៖ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក Biden បាននិយាយថា ការសម្លាប់មេដឹកនាំ Hezbollah លោក Hassan Nasrallah គឺជា «វិធានការយុត្តិធម៌» សម្រាប់ជនរងគ្រោះជាច្រើន រួមទាំង ជនជាតិអាមេរិករាប់ពាន់នាក់ ,ជនជាតិអ៊ីស្រាអែល និងជនស៊ីវិលលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់Hassan Nasrallah លោកប្រធានាធិបតី Biden បានរំលឹកឡើងវិញ នូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ «សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន ប្រឆាំងនឹងក្រុម Hezbollah, Hamas, Huthis និងក្រុមភេរវករផ្សេងទៀត ដែលគាំទ្រដោយអ៊ីរ៉ង់»។
យ៉ាងណាមិញ ការបន្តគាំទ្រពីទីក្រុងវ៉ាស៊ីនតោនដល់សម្ព័ន្ធមិត្តកំពូលអ៊ីស្រាអែល ក្នុងពេលដែលប្រទេសរុស្ស៊ី បណ្តាប្រទេសអឺរ៉ុបមួយចំនួន និងអង្គការសហប្រជាជាតិបានព្រមានអំពីផលវិបាក ដែលអាចកើតមានឡើង ផ្តើមចេញការសម្លាប់នេះ។
យ៉ាងណាមិញ លោក Biden បាននិយាយថា លោកបានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin ពង្រឹងបន្ថែមទៀតនូវឥរិយាបថការពាររបស់កងកម្លាំងយោធាអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការឈ្លានពាន និងកាត់បន្ថយហានិភ័យនៃសង្គ្រាមក្នុងតំបន់ កុំឲ្យកាន់តែទូលំទូលាយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត