រដ្ឋបាលខេត្តកំពង់ធំ និងរាជធានីភ្នំពេញសហការគ្នាដឹកជញ្ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
កំពង់ធំ៖ក៏ដូចជាបណ្ដាខេត្តដទៃដែរ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នួនផារ័ត្ន អភិបាលខេត្តកំពង់ធំ ,លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំបានដឹកនាំក្រុមការងារចាំទទួល បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋដែលធ្វើដំណើរតារថយន្តក្រុងរបស់រាជរដ្ឋាភិបាលនិងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយជិះមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែ។ការដឹកជញ្ជូនមកកាន់ខេត្តកំពង់ធំចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដែលមានទីតាំង ស្ថិតនៅភោជនីយដ្ឋានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានបញ្ជាក់នៅថ្ងៃទី៣០ ខែកញ្ញានេះថា យោងតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកញ្ញា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលរាជ ធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទនៃការដឹកជញ្ជូនបង ប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ។ ជាពិសេសទៅកម្សាន្តនៅតាម បណ្តាខេត្ត ភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ខែតុលា ដោយជិះមិនបង់ប្រាក់ និងប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ២៥ ខេត្ត ក្រុងក្នុងព្រះ រាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់របស់លោកអភិបាលរងខេត្តដដែល ក្នុងចំនួនរថយន្ត ក្រុងចំនួន៦៥៣គ្រឿងដែលនឹងបម្រើសេវាដឹកជញ្ជូនសាធារណៈសម្រាប់ការធ្វើដំណើរពីរាជធានីភ្នំពេញ។ ក្នុងនេះមកកាន់ខេត្តកំពង់ធំ មានរថយន្តចំនួន ១៥គ្រឿង ដោយមានទីតាំងចំណតនៅភោជនីយ ដ្ឋាន ស្ទឹងសែន ។
ទន្ទឹមនឹងមានសេវាដឹកជញ្ជូនរបស់រដ្ឋដែលមិនបង់ប្រាក់នេះ លោក អភិបាលរងខេត្តបានអំពាវនាវឱ្យអ្នកបើកបរ ឯកជនសូមឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ៖ប៊ុន រដ្ឋា