ជប៉ុនកំណត់យកឆ្នាំ ២០២៨ ដាក់ដំណើរការរថភ្លើងល្បឿនលឿនគ្មានមនុស្សបើក
តូក្យូ : រថភ្លើង Shinkansen របស់ប្រទេសជប៉ុន ត្រូវបានរំពឹងថា នឹងក្លាយជារថភ្លើងល្បឿនលឿនដំបូងគេរបស់ពិភពលោក ដែលដំណើរការដោយគ្មានអ្នកបើកបរ នៅតាមស្ថានីយមួយចំនួនលើខ្សែរថភ្លើង Joetsu Shinkansen ចាប់ពីឆ្នាំ ២០២៨។
ក្រុមហ៊ុន East Japan Railway Company (JR East) បានប្រកាសក្តែងៗនាពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៃរថភ្លើងល្បឿនលឿន Shinkansen ដោយគ្មានមនុស្សបើកនេះ នៅលើកំណាត់ស្ថានីយរថភ្លើងមួយចំនួនតាមខ្សែរថភ្លើង Joetsu Shinkansen។
រថភ្លើងល្បឿនលឿនដំណើរការស្វ័យប្រវត្តិនេះ នឹងធ្វើដំណើរចម្ងាយប្រហែល ៥៥,៧គីឡូម៉ែត្រ រវាងស្ថានីយ Nagaoka និង Niigata ក្នុងខេត្ត Niigata ភាគពាយព្យនៃទីក្រុងតូក្យូ។ JR East មានគោលបំណងចាប់ផ្តើមសេវាកម្មរថភ្លើងគ្មានអ្នកបើកបរនៅលើខ្សែ Joetsu Shinkansen ទាំងមូលនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។
ក្រុមហ៊ុន JR East បានបញ្ជាក់ថា ប្រព័ន្ធស្វ័យប្រវត្តិនេះ នឹងជួយកាត់បន្ថយកំហុសរបស់មនុស្ស, សុវត្ថិភាពកាន់តែល្អ និងជួយដោះស្រាយកង្វះអ្នកបើកបររថភ្លើងនាពេលអនាគត ដោយសារជប៉ុនប្រឈមមុខនឹងការធ្លាក់ចុះចំនួនប្រជាជនដែលមានអាយុធ្វើការ។
នាពេលអនាគត JR East នឹងដំណើរការរថភ្លើងស្វ័យប្រវត្តិយ៉ាងពេញលេញរវាងស្ថានីយ Niigata និងស្ថានីយជិតនោះក្នុងឆ្នាំ ២០២៩។
ដោយឡែក JR Central ដែលជាប្រតិបត្តិកររថភ្លើងនៅជប៉ុន នៃខ្សែរថភ្លើង Tokaido Shinkansen រវាងទីក្រុងតូក្យូ និងទីក្រុងអូសាកា ក៏មានបំណងដាក់ឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនបើកបរដោយខ្លួនឯងនៅឆ្នាំ ២០២៨ផងដែរ៕




ប្រភព ៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា