ចិនបញ្ជូនផ្កាយរណបប្រើឡើងវិញបានទៅក្រៅផែនដីដោយជោគជ័យ
ប៉េកាំង : ប្រទេសចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណប Shijian-19 ទៅក្នុងគន្លងតារាវិថី តាមរយៈគ្រាប់រ៉ុក្តែត Long March 2D ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន កាលពីសប្តាហ៍មុន។
ផ្កាយរណបដែលអាចប្រើឡើងវិញបាន និងអាចវិលត្រឡប់មកផែនដីវិញបាននេះ គឺជាចក្ខុវិស័យរបស់ប្រទេសចិន សម្រាប់ការរុករកនៅទីអវកាសឆ្ងាយៗ ចាប់ផ្តើមពីភពព្រះចន្ទ ឆ្ពោះទៅភពអង្គារ ភពព្រហស្បតិ៍ និងប្រព័ន្ធព្រះអាទិត្យដ៏ធំទូលាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។
ផ្កាយរណប Shijian-19 ត្រូវបានប្រទេសចិនបង្កើតឡើងក្នុងគោលបំណងផ្តោតជាចម្បងលើការជំរុញផ្នែកវិទ្យាសាស្ត្រគ្រាប់ពូជ, ការស្រាវជ្រាវមីក្រូទំនាញ, ការស្រាវជ្រាវផ្នែកបរិស្ថាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីអវកាស។
ផ្កាយរណបនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនប្រសិទ្ធភាព, កាត់បន្ថយការចំណាយ និងពន្លឿនការធ្វើតេស្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តជាក់ស្តែង នៃការងារស្រាវជ្រាវ។
មិនត្រឹមតែប៉ុណ្ណោះ ផ្កាយរណប Shijian-19 នេះទៀតសោត ក៏ជាកិច្ចសហការជាមួយនឹងប្រទេសចំនួន៥ ក្នុងនោះរួមមានទាំងថៃ និងប៉ាគីស្ថាន ហើយវាក៏បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរុករកនៅទីអវកាស៕
ប្រភព ៖ SCMP ប្រែសម្រួលដោយ : ឈឹម ទីណា