ថៃ ៖ ឡានក្រុងឆេះស្លាប់សិស្ស២០នាក់,គ្រូ៣នាក់ ប្រើឧស្ម័នធម្មជាតិ
បាងកក៖ រដ្ឋមន្ត្រីដឹកជញ្ជូនថៃបានឲ្យដឹងថា រថយន្តក្រុងដែលឆេះបណ្តាលឲ្យស្លាប់សិស្សចំនួន២០នាក់ និងគ្រូចំនួន៣នាក់ ត្រូវបានបំពាក់និងដំណើរការដោយឧស្ម័នធម្មជាតិ ប្រកបដោយគ្រោះថ្នាក់ខ្លាំង នេះបើតាមការចេញផ្សាយរបស់កាសែត BBC។
លោក Suriya បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅកន្លែងកើតហេតុថា «នេះគឺជាឧបទ្ទវហេតុដ៏សោកសៅបំផុត»។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «ក្រសួងត្រូវតែរកវិធានការ… បើអាច សម្រាប់រថយន្តដឹកអ្នកដំណើរបែបនេះ ត្រូវហាមមិនឲ្យប្រើប្រាស់ឧស្ម័នធម្មជាតិប្រភេទនេះ ព្រោះវាមានហានិភ័យខ្លាំងណាស់»។
ប្រភពព័ត៌មានបានរៀបរាប់ថា ឡានក្រុងមួយគ្រឿងនេះ ត្រឡប់ទៅបាងកកវិញ បន្ទាប់ពីធ្វើដំណើរទៅសាលា នៅភាគខាងជើងប្រទេស។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអណ្តាតភ្លើង បានឆាបឆេះរថយន្តក្រុង ក្រោមស្ពានអាកាស ជាមួយនឹងផ្សែងខ្មៅយ៉ាងក្រាស់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អ្នកបើកបរបានប្រគល់ខ្លួនទៅឱ្យប៉ូលីស ប៉ុន្តែ លោកបានព្យាយាមពន្លត់ភ្លើងឆេះនេះដែរ។
សាក្សីបាននិយាយថា រថយន្តក្រុងបានបុករបាំងបេតុង ពុះចែកផ្លូវ បន្ទាប់ពីផ្ទុះកង់មុខ។ ឡានក្រុងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយអ្នកជិះជាច្រើននាក់ មិនអាចចេញមកក្រៅបាន។ មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹង នៅឡើយទេ។
ប្រភពបន្ថែមថា កុមារចំនួន ១៩នាក់ និងគ្រូបង្រៀន ៣នាក់ត្រូវបានរាយការណ៍ថា បានរួចផុតពីការស្លាប់ហើយ១៦នាក់ក្នុងចំណោមពួកគេ កំពុងត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យ។
មន្ត្រីជំនាញអះអាងថា វាពិបាកក្នុងការកំណត់អត្តសញ្ញាណសាកសព ដោយសារតែត្រូវបានដុតយ៉ាងធ្ងន់ធ្ងរ រកឃើញបំណែកតូចៗខ្លាំង។ បើតាមសភាវគតិរបស់កុមារ គឺរត់ទៅផ្នែកខាងក្រោយ លើរថយន្ត នាំឲ្យសាកសព គរនៅទីនោះ។ ប៉ូលិសកោសល្យវិច្ច័យបាននិយាយថា សាកសព២៣នាក់ ដែលរកឃើញនោះ រួមមាន ប្រុស១១នាក់ ស្រី៧នាក់ និង៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។ អាយុរបស់កុមារនៅលើឡានក្រុង នៅតែមិនដឹងច្បាស់លាស់ ប៉ុន្តែ ឡានក្រុងសាលាប្រភេទនេះ ជាទូទៅ ដឹកសិស្សដែលមានអាយុ ចន្លោះចាប់ពី៣ ទៅ ១៥ឆ្នាំ។
ប្រទេសថៃមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍ដ៏អាក្រក់បំផុតមួយ ក្នុងពិភពលោក។ យានយន្តដែលមិនមានសុវត្ថិភាព និងការបើកបរមិនល្អ បានរួមចំណែកដល់ការស្លាប់មនុស្ស ប្រហែល ២០,០០០នាក់ក្នុងមួយឆ្នាំ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃថៃ លោក Anutin Charnvirakul បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។ លោកបានបន្តថា «យើងត្រូវស៊ើបអង្កេត ដាននៃការបើកបរពេលសំបកកង់មានបញ្ហា, ដានដែលនាំឲ្យឆេះ និងរូបភាពពីកាំមេរ៉ាសុវត្ថិភាព ឬ CCTV» នេះបើតាម BBC ដដែល៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត