ក្រោយឆេះឡានក្រុងដ៏រន្ធត់ ថៃព្យួរអាជ្ញាប័ណ្ណប្រតិបត្តិកររថយន្តក្រុង, ផ្អាកទស្សនកិច្ចសិក្សា
បាងកក៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ ហៅកាត់ DLT នៅថ្ងៃពុធនេះ បានផ្អាកជាបណ្តោះអាសន្ននូវអាជ្ញាប័ណ្ណដឹកជញ្ជូនសាធារណៈរបស់ប្រតិបត្តិកររថយន្តក្រុង ដែលបានឆេះ ក្នុងពេលដឹកជញ្ជូនសិស្ស និងគ្រូកាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីអប់រំបានប្រកាសផ្អាកទស្សនកិច្ចសិក្សាទាំងអស់ ក្រោយពេលមានការជជែកគ្នាដេញដោល ពីសុវត្ថិភាព។
គ្រោះថ្នាក់នេះបានបណ្តាលឲ្យសិស្ស២០នាក់ និងគ្រូ៣នាក់ ស្លាប់ ខណៈដែលឡានមួយគ្រឿងនេះបានផ្ទុកសិស្សសរុបចំនួន ៣៩នាក់ និងគ្រូ ចំនួន៦នាក់ កាលពីថ្ងៃអង្គារ។ ឡានក្រុងនេះត្រូវបានជួលដោយសាលា Wat Khao Phaya Sangkharam នៅខេត្ត Uthai Thani ដើម្បីដឹកសិស្សបឋមសិក្សា និងគ្រូ ក្នុងដំណើរទស្សនកិច្ចសិក្សាមួយ ទៅកាន់ខេត្ត Ayutthaya។
លោក Jirut Wisaljit អគ្គនាយកក្រុមហ៊ុន DLT បាននិយាយថា រថយន្តក្រុងដែលមានស្លាកលេខ 30-0423 Sing Buri ត្រូវបានចុះបញ្ជីដោយបុគ្គលម្នាក់ឈ្មោះ Panisara Shinbutr ដែលអាជ្ញាប័ណ្ណរបស់លោក ឥឡូវនេះ ត្រូវបានព្យួរ។ លោកបានបន្តថា ក្រុមជំនាញរបស់នាយកដ្ឋាននឹងស៊ើបអង្កេតរថយន្ត និងឧបករណ៍សុវត្ថិភាពរបស់ឡាន ឱ្យបានហ្មត់ចត់ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ។ លោកបានបន្ថែមថា អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះប្រតិបត្តិករ ប្រសិនបើរកឃើញថា គ្រោះថ្នាក់នេះជាកំហុសរបស់ពួកគេ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon បានសម្រេចផ្អាកការធ្វើដំណើរទស្សនកិច្ចសិក្សារបស់សិស្សទាំងអស់ បន្ទាប់ពីឧប្បត្តិហេតុឆេះរថយន្តក្រុង ដ៏សោកនាដកម្ម នេះបើតាមកាសែត BangkokPost៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត