ខេត្តសៀមរាបក្នុងថ្ងៃភ្ជុំបិណ្ឌធំ

សៀមរាប៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២១០២៤ ដែលជាបុណ្យភ្ជុំបិណ្ឌធំនៅខេត្តសៀមរាបយើងបានសង្កេតឃើញថា ចាប់តាំងពីព្រឹកព្រលឹមប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង យុវជនយុវនារី ប្រកបដោយសម្លៀកបំពាក់ចម្រុះពណ៌សមរម្យជាលក្ខណៈប្រពៃណីខ្មែរ ធ្វើដំណើរទៅកាន់ទីវត្តនានាក្នុងក្រុង និង ក្រៅក្រុង តាមរថយន្តតូច ធំ ម៉ូតូ រ៉ឺម៉កម៉ូតូ ។ល។ ដោយមានចង្ហាន់ ទេយ្យទាន ផ្កាភ្ញី ធូបទៀន ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ បង្សុកូល ឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ។

ដោយឡែកនៅតាមវត្តនីមួយៗ ឮសូរសព្ទសូត្រធម៌ និងបង្សុកូល សព្វសាធុកាពរដល់ពុទ្ធបរិស័ទជិតឆ្ងាយ ។  ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ កម្លាំងសមត្ថកិច្ច និង ប្រជាការពារភូមិ បានយកចិត្តទុកដាក់នៅតាមទីវត្តអារាម ដើមី្បរក្សាជួយសម្រួល និងថែរក្សាសម្បត្តិរបស់ពុទ្ធបរិស័ទ ដែលបានមកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

នៅខេត្តសៀមរាបដដែលនាពេលរសៀលនៅវត្តប្រាសាទគោកចក ក៏មានរៀបចំពិធីបង្សុកូលរួម ដើមី្បឧទ្ទិសកុសលផលបុណ្យថ្វាយជូនដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ,សម្ដេចព្រះសង្ឃរាជ ជួន ណាត និង សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស   ព្រមទាំងព្រះគ្រូចៅអធិការ  អាចារ្យ គណៈកម្មការវត្ត រួមទាំងញាតិមិត្ត ដែលបានចូលរួមកសាងទីវត្តប្រាសាទគោកចក ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភព។ ក្នុងពិធីនេះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានធ្វើទានជូនដល់តាជីយាយជី ក្នុងឱកាសភ្ជុំបិណ្ឌនេះដែរ ៕ ដោយ ៖ប៊ុន រដ្ឋា

ads banner