ទេសចរជាតិ និងអន្តរជាតិ កកកុញនៅតំបន់ផាប់ស្រ្ទីត ខេត្តសៀមរាប ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ
សៀមរាប៖ នារាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌធំ នៅតំបន់ផាប់ស្រ្ទីតនៃខេត្តសៀមរាប បានកកកុញទៅដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍លើសពីថ្ងៃធម្មតា។
មានពាក្យសាមញ្ញមួយឃ្លាពោលថា«មកខេត្តសៀមរាប មិនបានមកផាប់ស្រ្ទីត ដូចមិនបានមក» ។ដោយហេតុនេះទើបរាត្រីថ្ងៃទី២ ខែតុលាដែលជាថ្ងៃភ្ជុំបិណ្ឌធំ មានទេសចរជាតិក្មេងចាស់ប្រុសស្រីប្រកបដោយទឹកមុខសប្បាយរីករាយ និងលាយឡំជាមួយទេសចរអន្តរជាតិយ៉ាងច្រើនកុះករ បន្ទាប់ពីបានទស្សនាប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនៅពេលថ្ងៃ។
ផាប់ស្រ្ទីត គឺជាតំបន់ទេសចរណ៍ពេលរាត្រីដ៏សំខាន់នៃខេត្តសៀមរាប ដែលមានសន្តិសុខ សុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្ត ពីកងកម្លាំងមានសមត្ថកិច្ច។ទីនេះមានភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកម្សាន្ត ហាងទំនិញទំនើបៗ មានលក់វត្ថុអនុស្សាវរីយ៍សម្បូរបែប ជាមួយនឹងអ្នកលក់ដូររួសរាយញញឹមរាក់ទាក់៕
ដោយៈ ប៊ុន រដ្ឋា