ហ្វីលីពីនចាយ ២៤ពាន់លានដុល្លារទិញយន្តហោះពី Airbus
ម៉ានីល : ក្រុមហ៊ុនដឹកជញ្ជូនហ្វីលីពីន Cebu Pacific បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃពុធ ដើម្បីទិញយន្តហោះពីក្រុមហ៊ុន Airbus រហូតដល់ទៅ ១៥២គ្រឿង ក្នុងតម្លៃ ២៤ពាន់លានដុល្លារ។
ក្រុមហ៊ុនដឹកជញ្ជូនហ្វីលីពីន Cebu Pacific បានចំណាយថវិការហូតដល់ ២៤ពាន់លានដុល្លារ ដើម្បីទិញយន្តហោះពីក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុប Airbus ចំនួន ១៥២គ្រឿង ដែលនេះជាកិច្ចព្រមព្រៀងធំបំផុតសម្រាប់ប្រទេសហ្វីលីពីន។
នាយកប្រតិបត្តិក្រុមហ៊ុន Cebu Pacific លោក Michael Szucs បានពណ៌នាអំពីការបញ្ជាទិញយន្តហោះដ៏ធំនេះថា ជាការបោះឆ្នោតផ្តល់ទំនុកចិត្ត សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់ហ្វីលីពីន។
លោក Szucs ក៏បានលើកឡើងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ រួមទាំងព្រលានយន្តហោះដែលកំពុងសាងសង់នៅភាគខាងជើងនៃរដ្ឋធានីម៉ានីល។
បើតាមលោក Szucs ព្រលានយន្តហោះនេះ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ ២០២៩ មានន័យថា ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific ត្រូវតែប្រើយន្តហោះថ្មីទាំងស្រុងនៅទីនោះ។
ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific បានមើលឃើញការកើនឡើង ជាមួយនឹងចំនួនអ្នកដំណើរ និងប្រាក់ចំណូល ដែលរំពឹងថា នឹងហក់ឡើងខ្ពស់បំផុតនៅឆ្នាំ ២០២៤នេះ ពោលគឺបន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។
ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីននេះ ក៏ក៏កំពុងប្រឈមមុខនឹងការកើន ឡើងយ៉ាងខ្លាំងលើការចំណាយ ដែលបង្កឡើងដោយសារកង្វះគ្រឿងបរិក្ខា និង កម្លាំងពលកម្ម ក៏ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា