តម្លៃស្រូវមិនទាបជាង ១០០០រៀលក្នុងមួយគីឡូក្រាម និងកសិករត្រូវរក្សាគុណភាព ស្រូវឱ្យបានល្អ

(ភ្នំពេញ)៖ បើតាមការសាកសួរពីរោងម៉ាស៊ីនស្រូវធំៗប្រមាណ១០កន្លែងនៅទីតាំខេត្តពោធិ៍សាត់ និងបាត់ដំបងឃើញថាតម្លៃស្រូវនាពេលនេះមិនត្រូវក្រោម ១០០០រៀលក្នុងមួយគីឡូក្រាមទេ ហើយតម្លៃនេះគេរំពឹងថាអាចនឹងកើនឡើងដល់ ១១០០ ដល់ ១២០០រៀលនៅថ្ងៃខាងមុខផងដែរ។នេះបើតាមការលើកឡើងពីសំណាក់ លោកប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា ។

បញ្ជាក់ក្នុងពេលចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករនៅនៅខេត្តបាត់ដំបង និងពោធិ៍សាត់ លោកបណ្ឌិតគង់គាប្រធាននាយកដ្ឋានដំណាំស្រូវ បានឱ្យដឹងថាក្រោយជួបប្រជុំជាមួយនឹងក្រុមរោងម៉ាស៊ីននៅបាត់ដំបង និងពោធិ៍សាត់រួចមកឃើញថាខាងរោងម៉ាស៊ីនបានប្រាប់ថាតម្លៃស្រូវមិនគួរចុះថោកទេ ដោយក្នុងនេះការទិញចូលយ៉ាងហោចណាស់តម្លៃ ១០០០រៀលដែរក្នុងមួយគីឡូក្រាម ទោះបីយ៉ាងណាគេឃើញប្រជាពលរដ្ឋរបស់យើងមួយចំនួនលក់ក្នុងតម្លៃថោកដោយក្នុងនេះលក់តែ ៩០០ ទៅ ៩៥០រៀលក្នុងមួយគីឡូគ្រាមតែប៉ុណ្ណោះ។ ជាមួយគ្នានេះបើគេប្រៀបធៀងរយៈពេលប៉ុន្មានថ្ងៃមុនឃើញថា មានការឡើងថ្លៃបន្តិចដែរ ដោយមុននេះគេលក់តែ ៨០០រៀលឬច្រើនជាងនេះបន្តិចបន្តួចប៉ុណ្ណោះ។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា”បើយើងគិតពី២ទៅ៣ថ្ងៃមុនឃើញថាតម្លៃស្រូវឡើងថ្លៃ ជាបន្តបន្ទាប់ដោយថ្ងៃមុន ៨០០ជាង បន្ទាប់មក ៩២០ទៅ ៩៥០ ហើយថ្ងៃនេះឡើង ៩៥០រៀលក្នុងមួយគីឡូក្រាមហើយ។ថ្ងៃស្អែកតាមផែនការរបស់រោងម៉ាស៊ីនក្នុងកិច្ចប្រជុំគឺគ្រាន់តែរថយន្តមកតំបន់នេះប្រហែល ២០ទៅ ៣០គ្រឿង ។ សម្រាប់រោងម៉ាស៊ីនដាក់តម្លៃឱ្យកូនកញ្ច្រែងតម្លៃទាបបំផុត ១០០០រៀលក្នុងមួយគីឡូគ្រាម”។

លោកបណ្ឌិត គង់ គា បានឱ្យដឹងដែរថាសម្រាប់រឿងសំខាន់ដែលបងប្អូនប្រជាកសិករត្រូវប្រុងប្រយ័ត្ននោះគឺគុណភាពស្រូវ។ក្នុងនេះដូចជាបើស្រូវយើងមិនទាន់ទុំល្អពុំត្រូវច្រូតកាត់ឡើយព្រោះគេនឹងកាត់លេខហើយបញ្ចុះតម្លៃយើង”។

លោកប្រធាននាយកដ្ឋានដំណាំស្រូវបានឱ្យដឹងបន្ថែមថាតាមរយៈលោកសាកសួរទៅកាន់រោងម៉ាស៊ីនស្រូវធំៗមិនទាបជាង ១០រោងម៉ាស៊ីនឃើញថាតម្លៃស្រូវអាចឡើងរហូតដល់ ១១០០ ទៅ ១២០០រៀលក្នុងមួយគីឡូក្រាម ។ ហេតុនេះបងប្អូនប្រជាកសិករមិនត្រូវប្រញាប់បន្ទាន់លក់ ហើយនាំគ្នាសម្រុកច្រូតជាន់គរលើគ្នាទេ ។ ពេលនោះគឺតម្លៃស្រូវយើងលក់មិនបានថ្លៃខ្ពស់ឡើយ ។

លោកបានបញ្ជាក់បន្ថែមក៏ដូចជាក្រើនរំលឹកដល់ប្រជាកសិកដែរថា”បើប្អូនចង់បាន តម្លៃខ្ពស់ត្រូវរង់ចាំឱ្យស្រូវទុំចាប់ពី៨៥ទៅ៩០ភាគរឡើងទៅគេយកហើយ។ក្រៅពីនេះត្រូវបើកខ្យល់យកស្រូវកន្តៀបចេញ ព្រោះវាធ្វើឱ្យខូចគុណភាពស្រូវ។ក្រៅពីនេះត្រូវរកពូជដែលសុទ្ធល្អមិនត្រូវឱ្យលាយឡើយពីព្រោះថាធ្វើឱ្យស្រូវធ្លាក់គុណភាពតម្លៃក៏ទាបតាមនោះដែរ។ខាងរោងម៉ាស៊ីនគេមិនឱ្យមានស្រូវលាយចាប់ពី៤ទៅ៥គ្រាប់ក្នុងចំណោម១០០គ្រាប់ឡើយ ពីព្រោះថានាំឱ្យគេកាត់តម្លៃចុះទាប ដោយគេរាប់ក្នុងគុណភាពមិនសូវល្អ”។

គួរបញ្ជាក់ថាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្មីៗមកនេះ បានចេញមកប្រតិកម្ម និង បានធ្វើការអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។

ការចេញមកអំពាវនាវនេះធ្វើឡើងដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីមានក្រុមមនុស្សមួយចំនួនបានធ្វើការបង្ហោះតាមរយៈបណ្តាញសង្គមពីតម្លៃស្រូវធ្លាក់ចុះរួចមក។

ឯកឧត្តមបានធ្វើការពន្យល់ក្នុងតម្លៃស្រូវថា បើគេធ្វើការប្រៀបធៀបខែកញ្ញាដូចគ្នាក្នុងឆ្នាំមុនឃើញថាតម្លៃស្រូវ ជាមធ្យមក្នុងឆ្នាំនេះ គឺស្ថិតនៅក្នុងតម្លៃធម្មតានៅឡើយ។ ដោយក្នុងនេះគេសង្កេតឃើញថាតម្លៃស្រូវសែនក្រអូបខ្ពស់ជាងមុនបន្តិច និងស្រូវអូអ៊ិម តម្លៃទាបជាងមុនបន្តិចវិញ។ទោះជាតម្លៃមិនបានខ្ពស់ដូចករណីពិសេសដូចឆ្នាំ ២០២៣ក៏ដោយតែក៏នៅជាតម្លៃមួយសមរម្យដែលកសិករអាចទទួលបាននូវប្រាក់កម្រៃ និងក៏នៅខ្ពស់ជាងឆ្នាំ២០២០ ,ឆ្នាំ២០២១ និង ឆ្នាំ២០២២ដែរ។

ដោយឡែកយើងក៏បានឃើញបញ្ហាតម្លៃស្រូវធ្លាក់ចុះទាបជាងមធ្យមផងដែរពោលគឺនៅតាមកន្លែងមួយចំនួនទៅតាមកម្រិតនៃគុណភាពស្រូវដូចជាករណីស្រូវទុំពុំទាន់ល្អ ស្រូវសើមខ្លាំង ដែលប្រញាប់ច្រូតកាត់ដោយសារការព្រួយបារម្ភពីកត្តាទឹកជំនន់ ពីការចង់ប្រមូលផលមុនរដូវភ្ជុំបិណ្ឌជាដើម។ស្រូវមានគុណភាពបែបនេះបានតម្លៃទាបជាងស្រូវស្តង់ដារហូតដល់២០ភាគរយ ។ទោះយ៉ាងណាមិនទូទៅនោះទេ ។

មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងថា”ទោះជាមានករណីធ្លាក់ថ្លៃខ្លះៗ ក៏ដោយក៏ក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទ តាមរយៈមន្រ្តីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយបញ្ហាជូនដល់បងប្ងូនប្រជាកសិករដែលជួបបញ្ហាស្រូវ ទៅតាមគុណភាពជាក់ស្តែងរបស់ស្រូវ ដោយទំនាក់ទំនងទៅភូមិឃុំរបស់ខ្លួនតាមរយៈទូរស័ព្ទលេខ ១២៨៩ និងប្រាប់ទីតាំងឱ្យបានច្បាស់លាស់ដើម្បីក្រសួងបានចុះទៅដល់ផ្ទាល់
ដើម្បីជួយដល់កសិករបានទាន់ពេលវេលា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner