គ្រួសារសពសិស្សនិងគ្រូថៃ បានសំណងជាង៣ម៉ឺនដុល្លារ
បាងកក៖ រដ្ឋាភិបាលថៃនឹងបង់ប្រាក់សំណង ១លានបាត ឬ ជាង៣ម៉ឺនដុល្លារ ដល់ក្រុមគ្រួសារសពសិស្សនិងគ្រូជាង២០នាក់ ដែលបានស្លាប់ ក្នុងសោកនាដកម្មឆេះរថយន្តក្រុង តាមរយៈមូលនិធិសង្គ្រោះគ្រោះមហន្តរាយ នៃការិយាល័យនាយករដ្ឋមន្ត្រី នេះបើតាម The Nation បានចេញផ្សាយ កាលពីថ្ងៃពុធ។
ការសម្រេចនេះបានធ្វើឡើង ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya និង មូលនិធិមួយនេះ កាលពីថ្ងៃពុធ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Suriya បាននិយាយថា មូលនិធិបានសម្រេចបង់ប្រាក់ចំនួន ១លានបាតសម្រាប់ជីវិតដែលបាត់បង់ ម្នាក់ៗ។ រីឯអ្នកដែលរួចផុតពីការស្លាប់ ទទួលបានសំណងចន្លោះពី១០ម៉ឺន ទៅ ៧០ម៉ឺនបាត អាស្រ័យលើស្ថានភាពរបួស។
លោក Suriya បាននិយាយថា លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn បានណែនាំដល់ទីភ្នាក់ងាររដ្ឋាភិបាល ពាក់ព័ន្ធទាំងអស់ ឱ្យពន្លឿនជំនួយ និងសំណងសម្រាប់គ្រួសារជនរងគ្រោះ។ លោកថា ក្រៅពីសំណងពីមូលនិធិនេះ ក្រសួងយុត្តិធម៌ក៏នឹងផ្តល់សំណងចំនួន២០ម៉ឺនបាត ដល់គ្រួសារអ្នកស្លាប់ ក្នុងគ្រោះអគ្គិភ័យ និង៤ម៉ឺនបាត ដល់អ្នករបួស។
លោក Suriya បន្ថែមថា ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស ក៏នឹងផ្តល់សំណងចំនួន ១ម៉ឺន បាតផងដែរ ដល់គ្រួសារសពផងដែរ ដូច្នេះ បើសរុបសំណងទាំងអស់សម្រាប់អ្នកស្លាប់ ទទួលជាង ៣៦០០០ដុល្លារអាមេរិក៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត