រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាបំបែកកំណត់ត្រាពិភពលោក​ក្នុងការតាំងបង្ហាញរថយន្តទំនើប រថយន្តស្ព័ត ដែលមានចំនួនច្រើន​ជាងគេបំផុត គឺដោយសារកម្ពុជាមានសុខសន្តិភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ការដែលប្រទេសកម្ពុជាបំបែកកំណត់ត្រាពិភព​លោក​ក្នុងការតាំងបង្ហាញរថយន្តទំនើប រថយន្តស្ព័ត ដែលមានចំនួនច្រើនជាងគេបំផុត គឺដោយសារកម្ពុជាមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍទើបយើងមានឱកាសទទួលបានកិត្តយសដ៏ធំធេងនេះ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍នថា ក្នុងនាមក្រសួងទេសចរណ៍ដែលជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាលលើវិស័យទេសចរណ៍ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងណាស់ដែលប្រទេសកម្ពុជាយើងមានឱកាសបានចូលរួមក្នុងការតាំងបង្ហាញរថយន្តទំនើប រថយន្តស្ព័ត ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតតាមរយៈក្រសួងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធនៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នេះ យើងក៏ទទួលបានដំណឹងល្អបន្ថែមទៀត គឺស្ថាប័ន Guinness World Record ថា កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកក្នុងការតាំងបង្ហាញរថយន្តទំនើប រថយន្តស្ព័ត ដែលមានចំនួនច្រើនជាងគេបំផុត។ ហើយនេះ គឺពិតប្រាកដណាស់ដែរថា ការដែលប្រទេសកម្ពុជាទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ គឺដោយសារប្រទេសរបស់យើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍ ទើបយើងមានឱកាសទទួលបានកិត្តយសដ៏ធំធេងនេះ។ សូមអរគុណសន្តិភាព ហើយសូមរីករាយបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា។

សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។

សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា៕
ដោយ៖ពលជ័យ

ads banner