ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម ចាង យ៉ុងហ្គុន (Jang Yun Gon ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបញ្ជាក់ថា អស់រយៈពេល១ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ឯកឧត្តមផ្ទាល់ ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត ដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និងគោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលជាផ្លែផ្កា និងជាពិសេសគឺធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសំ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានយកឱកាសនេះ គោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់បីបានបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល៣៨ឆ្នាំ និងបានសម្រេចនូវសមិទ្ធផលដ៏មានតម្លៃជាច្រើនដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថាទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។
ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអបអរសាទរសម្តេចក្នុងឱកាសសម្តេចបានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានយកចិត្តទុកដាក់ កោតសរសើររាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេន។ សម្តេចតេជោ បានបន្តថា កន្លងមកតែងមានទស្សនៈយល់ឃើញថា រាជរដ្ឋាភិបាលជាយុវជននេះ នឹងត្រូវការពេលវេលាដើម្បីអាចដឹកនាំបាន ប៉ុន្តែ ការពិត ពួកគេត្រូវការពេលមកដល់ ដើម្បីចេញដំណើរក្នុងការដឹកនាំប្រទេស។ ការដឹកនាំប្រទេស អស់រយៈពេល១ឆ្នាំកន្លងមក នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតជាទទួលបានលទ្ធផលលើសការរំពឹងទុក ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចមិនថមថយ និងកំណើននៃការនាំចេញបានកើនឡើងដល់២០%។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបន្តទៀតថា អស់រយៈពេល២០ឆ្នាំមកនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អ។ ទោះបីជាបានជួបវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើការនាំចូល ទៅជាប្រទេសមានការនាំចេញ និងមានកំណើននៃការនាំចេញថែមទៀតផង។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត មានការយោគយល់ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយព្រះរាជាណាចក្រកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សម្ដេចតេជោបានមានប្រសាសន៍ថា ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ ចំពោះទំនាក់ទំនងកូរ៉េខាងជើងជាមួយអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាងជើង គប្បីប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាន និងការផ្សាភ្ជាប់កូរ៉េខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បានបន្តថាកម្ពុជា យល់អំពីភាពចាំបាច់នៃការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែ សូមកុំដាក់វិធានការដែលដើរហួសពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភ ដល់ប្រទេសក្នុងតំបន់ និងអាស៊ាន។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា កម្ពុជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ សម្តេចតេជោ ក៏បានជម្រាបទៅឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន