តៃវ៉ាន់បោសសម្អាតកំទេចកំទី ក្រោយព្យុះទីហ្វុង Krathon វាយប្រហាររួច
តៃប៉ិ៖ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Kaohsiung ជាកន្លែងដែលសាលារៀន និងការិយាល័យនៅតែបន្តបិទទ្វារ ក្រុមកម្មករបាននាំគ្នាកាប់ដើមឈើ និងផ្លាកសញ្ញាផ្សាយពាណិជ្ជកម្ម ដែលដួលរលំពាសពេញផ្លូវធ្វើដំណើរជាច្រើន រួមទាំងផ្លូវរថភ្លើង។
ក្រុមកម្មករបាននាំគ្នាប្រមែប្រមូលដើមឈើបាក់បែក និងអំបែងកញ្ចក់ចេញពីផ្លូវនៅភាគខាងត្បូងកោះតៃវ៉ាន់ បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង Krathon។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ទាហានជាង ១,០០០នាក់ ក៏ត្រូវបានដាក់ពង្រាយផងដែរ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតនៅក្នុងទីក្រុងកំពង់ផែសមុទ្រ។
ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃសុក្រ បានបង្ហោះសាេនៅលើហ្វេសប៊ុកថា រដ្ឋាភិបាលកណ្តាលនឹងជួយយ៉ាងពេញលេញដល់រដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងផ្តល់ការគាំទ្រគ្រប់បែបយ៉ាង។ យើងនឹងធ្វើការរួមគ្នា ដើម្បីសាងសង់លំនៅដ្ឋានរបស់ពួកយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ រដ្ឋបាលឧតុនិយមកណ្តាលរបស់កោះតៃវ៉ាន់ ហៅកាត់ថា (CWA) បានសម្រេចដកការប្រកាសអាសន្នឆ្លើយតបនឹងឥទ្ធិពលព្យុះទីហ្វុងវិញ នៅព្រឹកថ្ងៃសុក្រ។
ការសម្រេចចិត្តនេះ កើតឡើងក្រោយព្យុះទីហ្វុង Krathon បានថមថយកម្លាំងបន្តិចម្តងៗ បន្ទាប់ពីបានបោកបក់មកលើកោះនេះ កាលពីមួយថ្ងៃមុន បង្កឱ្យមានការរអិលបាក់ដី ទឹកជំនន់ និងខ្យល់បោកបក់ខ្លាំងដ៏បំផ្លិចបំផ្លាញ។
នៅទូទាំងកោះតៃវ៉ាន់ មនុស្សពីរនាក់បានស្លាប់ ម្នាក់បាត់ខ្លួន និងជិត ៧០០នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា រងរបួស ហើយលំនៅឋានជាង ៧០,០០០ខ្នងនៅតែគ្មានអគ្គិសនីប្រើប្រាស់គិតត្រឹមរសៀលថ្ងៃសុក្រម្សិលមិញ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា