ត្រីបាឡែនពិឃាតជាប់គាំងនៅឆ្នេរសមុទ្ររុស្ស៊ី

មូស្គូ៖ ក្រុមជួយសង្គ្រោះរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើប្រតិបត្តិការសង្គ្រោះគ្រួសារត្រីបាឡែនពិឃាត ដែលហែលមកជាប់គាំងនៅឆ្នេរសមុទ្រទឹករាក់ ស្ថិតនៅភាគខាងកើតនៃប្រទេសរុស្ស៊ី។

គ្រួសារត្រីបាឡែនពិឃាតត្រូវបានក្រុមជួយសង្គ្រោះរុស្ស៊ីជួយសង្គ្រោះ បន្ទាប់ពីពួកវាបានហែលមកជាប់គាំងនៅឆ្នេរសមុទ្រទឹករាក់ ដែលស្ថិតនៅភាគខាងកើតនៃប្រទេសរុស្ស៊ី។

គ្រួសារត្រីបាឡែនពិឃាត ដែលរួមមានទាំងកូនពីរក្បាលផងនោះ បានជាប់គាំងខ្លួន ហែលទឹកលែងរួច ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ នៅឯច្រាំងសមុទ្រនៃឧបទ្វីប Kamchatka មានចម្ងាយប្រហែល ៦,៥០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងមូស្គូ។

ក្រុមជួយសង្គ្រោះមកពីក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី រួមជាមួយនឹងអ្នកស្ម័គ្រចិត្ត បានចាក់ទឹកលើត្រីបាឡែនទាំងនោះ ដើម្បីការពារស្បែករបស់ពួកវាពីការស្ងួតដោយសារកំដៅ ពីព្រោះត្រីបាឡែននៅឆ្នេរសមុទ្រអាចស្លាប់បាន បើសិនខ្វះជាតិទឹក។ បន្ទាប់មក ពួកគេបានព្យាយាមផ្លាស់ទីត្រីបាឡែនដោយប្រើដៃយ៉ាងសន្សឹមៗទៅទឹកជ្រៅវិញ។

យោងតាមការចុះរបស់សារព័ត៌មានបារាំង AFP បានឱ្យដឹងថា ត្រីបាឡែនពិឃាតសរុបមានប្រហែល ៥០,០០០ក្បាល ហើយពួកវាកំពុងមានវត្តមានស្ទើរគ្រប់ទឹកសមុទ្រទាំងអស់របស់ពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner