ដំរីរាប់រយក្បាលរត់គេចពីទឹកជំនន់នៅថៃ

បាងកក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថា សត្វដំរីជាង ១០០ក្បាលនៅភាគខាងជើងប្រទេសថៃ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។

ទឹកជំនន់ហក់ឡើងយ៉ាងឆាប់រហ័ស បង្ខំឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ ដើម្បីជម្លៀសសត្វដំរីជាង ១២៦ក្បាលចេញពីសួនឧទ្យានមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេសថៃ ឆ្ពោះទៅកាន់តំបន់មានសុវត្ថិភាព។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុគ្គលិកសួនសត្វ និងអ្នកស្ម័គ្រចិត្តជាង ១០០នាក់អាចដឹកជញ្ជូនដំរីបានចំនួន ១១៧ក្បាល ទៅកាន់តំបន់មានសុវត្ថិភាព។

សួនឧទ្យានធម្មជាតិ Elephant Nature Park ក្នុងខេត្ត Chiang Mai នេះ ទ្រងទ្រង់ដោយមូលនិធិ Save the Elephant ដែលជាអង្គការក្រៅរដ្ឋាភិបាលអភិរក្សសត្វដំរីធំបំផុតមួយរបស់ប្រទេសថៃ។

មន្ត្រីម្នាក់មកពីអង្គការនេះបានប្រាប់កាសែតបារាំង AFP ថា ក្រៅពីដំរីចំនួន ១២៦ក្បាល នៅមានសត្វប្រហែល ៥,០០០ក្បាលទៀត រួមទាំងសត្វឆ្កែ ឆ្មា គោ ជ្រូក និងទន្សាយ បានជាប់គាំងដោយសារទឹកជំនន់។

អង្គការ Thai Elephant Alliance និយាយថា មានដំរីប្រមាណ ៣,៨០០ក្បាលនៅក្នុងប្រទេសថៃ ហើយមានជាង ៤,០០០ក្បាល ដែលរស់នៅក្នុងព្រៃ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានបរិស្ថានថៃ។ ដំរីអាស៊ីត្រូវបានគេចាត់ថ្នាក់ថា ជាសត្វជិតផុតពូជដោយអង្គការ IUCN។

យោងតាមការិយាល័យស្រុកបានឱ្យដឹងថា ទឹកជំនន់ដ៏ធំបានវាយប្រហារផ្នែកខ្លះនៃភាគខាងជើងប្រទេសថៃ ខណៈដែលភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានធ្វើឱ្យទន្លេ Ping ឈានដល់កម្រិតប្រកាសអាសន្នកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ខេត្តភាគខាងជើងរបស់ប្រទេសថៃ បានរងគ្រោះទឹកជំនន់ដ៏ធំចាប់តាំងពីព្យុះទីហ្វុង Yagi បានវាយប្រហារតំបន់នេះ កាលពីដើមខែកញ្ញា ក្នុងនោះមានស្រុកមួយបានរាយការណ៍អំពីទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៨០ឆ្នាំ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner