ផ្ទុះការតវ៉ាទូទាំងពិភពលោក ទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា

ម៉ាឌ្រីដ៖ មនុស្សរាប់ពាន់នាក់នាំគ្នាដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន និងទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា នៅមុនខួបលើកដំបូងនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

បាតុកររាប់ពាន់នាក់បានដើរដង្ហែក្បួននៅតាមទីក្រុងនានាជុំវិញពិភពលោក កាលពីថ្ងៃសៅរ៍ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងលីបង់ ខណៈដែលសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីនជិតដល់រយៈពេលមួយឆ្នាំហើយ ពោលគឺនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។

អ្នកគាំទ្រប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នានៅតាមទីក្រុងនានា នៅក្នុងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាមេរិក ដើម្បីទាមទារឱ្យពន្លត់ភ្លើងសង្គ្រាម ដែលបានសម្លាប់មនុស្សជិត ៤២,០០០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ការតវ៉ាគាំទ្រប្រជាជនប៉ាឡេស្ទីននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលបានទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួម បានក្លាយទៅជាអំពើហិង្សា ខណៈដែលបាតុករវ័យក្មេងរាប់សិបនាក់បានគប់ដប និងផាវលើប៉ូលិស ហើយអាជ្ញាធរបានឆ្លើយតបវិញ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។

អ្នកកាសែត AFP បានរាយការណ៍ថា យ៉ាងហោចណាស់ប៉ូលិសម្នាក់បានរងរបួស ហើយបាតុករពីរនាក់ត្រូវចាប់ឃុំខ្លួន។ រីឯនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់វិញ ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ២៦នាក់ ក្នុងចំណោមបាតុករប្រហែល ១,០០០នាក់។

គួរបញ្ជាក់ថា ការវាយលុកយោធាសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១,៨២៥នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និងត្រូវបានពិពណ៌នាថា គួរឱ្យទុកចិត្តដោយអង្គការសហប្រជាជាតិ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner