ថៃចង់ក្លាយជាប្រទេសមិនចាយលុយសុទ្ធនៅឆ្នាំ ២០២៨
បាងកក៖ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទៅជាសង្គមមិនចាយលុយសុទ្ធលឿនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNEXPRESS។
នៅឆ្នាំ ២០២៨ ថៃ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរប្រទេសរបស់ខ្លួន ទៅជាសង្គមដែលមិនចាយលុយសុទ្ធលឿនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាន។
មូលហេតុដែលថៃធ្វើការផ្លាស់ប្តូរបែបនេះ គឺដោយសារតែការជំរុញការទទួលយក និងការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័សរបស់ប្រជាជនថៃ នេះបើយោងតាមការស្ទង់មតិរបស់អ្នកផ្តល់សេវាទូទាត់ឌីជីថលសកលលោក Visa។
យោងតាមការស្ទង់មតិ ដែលផ្តោតលើអាកប្បកិរិយាទូទាត់ប្រាក់របស់អតិថិជន បានរកឃើញថា ប្រទេសថៃអាចក្លាយជាសង្គមមិនចាយលុយសុទ្ធនៅឆ្នាំ ២០២៨ ដែលនឹងនាំមុខប្រទេសសមាជិកអាស៊ានផ្សេងទៀត។
ការស្ទង់មតិនេះបង្ហាញថា ២២% នៃអ្នកប្រើប្រាស់ថៃជឿថា សង្គមដែលមិនចាយលុយសុទ្ធនឹងលេចឡើងនៅចន្លោះឆ្នាំ ២០២៦ និង ២០២៨ បើធៀបទៅនឹង ១៦% នៃអ្នកប្រើប្រាស់នៅទូទាំងតំបន់។
ការស្ទង់មតិនេះ ក៏បានរកឃើញដែរថា ប្រទេសថៃបានឈានមុខគេនៅក្នុងតំបន់ ដែលសកម្មក្នុងការប្រើប្រាស់កម្មវិធីធនាគារចល័ត។
ជាក់ស្តែង អ្នកប្រើប្រាស់ថៃចំនួន ៩៧% បាននិយាយថា ពួកគេបានប្រើប្រាស់កម្មវិធីធនាគារចល័តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ តួលេខនេះកើនលើសប្រទេសវៀតណាម ៩៥% និងឥណ្ឌូនេស៊ី ៩០%៕
ប្រភព៖ VNEXpress ប្រែសម្រួលដោយ៖ ឈឹម ទីណា