កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ និងធ្វើឡើងក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”។
កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/ ។
“កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ ឌីជីថល នៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖
- ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល
- ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងវិសីយឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ជំនួញ និងរវាងប្រជាជនដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែលជាកត្តារួមចំណែក ក្នុងការអភិវឌ្ឍវិស័យឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា។
- ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនិងឱកាសវិនិយោគ និងដើម្បីក្លាយជា តំណាង របស់ ព្រះរាជាណាចក្រកម្ពុជា ក្នុង ការចូលរួម ប្រកួតប្រជែង ពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន ថ្នាក់តំបន់ និងសកល។
គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជា គឺជាកម្មវិធី ប្រកួតប្រជែង ថ្នាក់ជាតិធំជាងគេបំផុត ក្នុង ព្រះរាជា ណាចក្រកម្ពុជា ដែល ត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីត វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រ ពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
ដោយ ៖ ង៉ាន់ ទិត្យ