លោក ស៊ី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង
ប៉េកាំង៖ មេដឹកនាំចិន កាលពីថ្ងៃអាទិត្យ បានប្រាប់សមភាគីកូរ៉េខាងជើងថា ទីក្រុងប៉េកាំងនឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា ទីក្រុងប៉េកាំងសង្ឃឹមថា នឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាងឱ្យរឹតតែខ្លាំងក្លាថែមទៀត។
ការថ្លែងបែបនេះរបស់លោក Xi ត្រូវបានធ្វើឡើងខណៈដែលមេដឹកនាំទាំងពីរបានផ្លាស់ប្តូរសារអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កូរ៉េខាងជើង។
ប្រទេសចិន និងកូរ៉េខាងជើង គឺជាសម្ព័ន្ធមិត្តសង្គមនិយមប្រពៃណី ហើយទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់រដ្ឋាភិបាលឯកោខាងការទូតរបស់ទីក្រុងព្យុងយ៉ាងជាយូរមកហើយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ បានឱ្យដឹងថា លោក Xi បាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយភាគីកូរ៉េខាងជើង។ លោកថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានធ្វើការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។
រីឯទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក Kim បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងខិតខំយ៉ាងខ្ជាប់ខ្ជួន ក្នុងការបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន។
អ្នកវិភាគនិយាយថា ទីក្រុងព្យុងយ៉ាងពឹងផ្អែកខ្លាំងលើក្រុមហ៊ុន និងធនាគាររបស់ចិន ដើម្បីកាត់បន្ថយសម្ពាធទណ្ឌកម្មអន្តរជាតិ ដែលបានសង្កត់លើផ្នែកយោធា និងសេដ្ឋកិច្ចកូរ៉េខាងជើង៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា