មេធំយូអិនអំពាវនាវឱ្យពន្លត់ភ្លើងសង្គ្រាមហ្គាហ្សា និងលីបង់
វ៉ាស៊ីនតោន៖ ប្រមុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន បានធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ឱ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសក្រុមហាម៉ាស និងបានទទូចឱ្យបញ្ឈប់ “អំពើហិង្សា និងការបង្ហូរឈាម” នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់។
លោក Guterres បាននិយាយថា សង្រ្គាមកាលពីមួយឆ្នាំមុន នៅតែបន្តបំផ្លាញជីវិតមនុស្ស និងបង្កការឈឺចាប់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយឥឡូវនេះ ធ្លាក់លើប្រជាជនលីបង់។
លោក Guterres ក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីជម្លោះដែលរីករាលដាលដល់ប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានវាយលុកក្រុមសម្ព័ន្ធមិត្តហាម៉ាស គឺក្រុមហេសបូឡា ដោយបានសម្លាប់មនុស្សជាងមួយពាន់នាក់ និងបង្ខំឱ្យមនុស្សជាងមួយលាននាក់ទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
លោក Guterres បានបញ្ជាក់យ៉ាងដូច្នេះថា វាដល់ពេលហើយ សម្រាប់ការដោះលែងចំណាប់ខ្មាំង… ដល់ពេលទម្លាក់អាវុធ… ដល់ពេលបញ្ឈប់ការឈឺចាប់… ហើយក៏ដល់ពេលស្វែងរកសន្តិភាព ច្បាប់អន្តរជាតិ និងយុត្តិធម៌។
គួរបញ្ជាក់ថា ថ្ងៃចន្ទនេះ គឺជាខួបមួយឆ្នាំចាប់តាំងពីក្រុមហាម៉ាសបានកាប់សម្លាប់ និងចាប់ជំរិតមនុស្សនៅក្នុងទឹកដីអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។ ហើយឥឡូវនេះ ប្រទេសលីបង់ក៏បានទាញចូលទៅក្នុងភាពច្របូកច្របល់ផងដែរ ខណៈមេដឹកនាំពិភពលោកបានព្រមានអំពីវិបត្តិក្នុងតំបន់ដែលអាចកើតមាន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា