ប្រឡងបាក់ឌុបឆ្នាំនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងស្នើ​ប្រតិបត្តិករ​ទេសចរណ៍កុំដំឡើងថ្លៃសេវាស្នាក់នៅនិងម្ហូបអាហារ

បាត់ដំបង៖ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ បាក់​ឌុបនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃនៅថ្ងៃអង្គារ​និងថ្ងៃពុធ​ក្នុងសប្ដាហ៍នេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអំពាវនាវដល់គ្រប់ប្រតិបត្តិករទេសចរណ៍ សូមកុំដំឡើងថ្លៃសេវា​ស្នាក់​នៅនិងម្ហូបអាហារ នៅក្នុងអំឡុង​ពេល​នៃការប្រឡងបាក់ឌុប នៅថ្ងៃអង្គារនេះដើម្បីសម្រួលដល់ការ​ចំណាយ​របស់បេក្ខជនប្រឡង។

អាន៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ដោយអនុ
វត្តន៍តាមសេចក្ដីណែនាំ របស់ ក្រសួងទេសចរណ៍ ជាពិសេសអនុវត្ត​តាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់​ដំបង។ក្នុងនោះមន្ទីរបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ក្នុង​រយៈពេលនៃ​ការ​ប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ជូនដល់គ្រប់​ប្រតិបត្តិ​ករទេសចរណ៍ ក្នុងក្រុងបាត់ដំបង។

លោកអនុប្រធានមន្ទីរបន្តថា ការអនុវត្តបែបនេះគឺដើម្បីជួយសម្រួល​ដល់ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៨-៩ ខែតុលា។មន្ទីរទេសចរណ៍ខេត្តបានស្នើសុំឱ្យប្រតិបត្តិករទេសចរណ៍​រក្សាតម្លៃ កុំឱ្យមានការដំឡើងថ្លៃការស្នាក់នៅ និងម្ហូបអាហារ និងជួយសម្របសម្រួលអនុញ្ញាតឱ្យសិស្សានុសិស្សស្នាក់នៅជុំគ្នាបានច្រើន ព្រមទាំងជួយពិនិត្យលទ្ធភាពក្នុងការបញ្ចុះ​តម្លៃជូនពួកគាត់​តាមការគួរដែលអាចធ្វើទៅបាន។

លោក ហម អរុណអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បន្តថាមន្ទីរបានធ្វើការណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលដែលនៅជិតមណ្ឌលប្រឡង ក៏ត្រូវរក្សាតម្លៃសេវាកម្ម​ស្នាក់នៅរបស់ខ្លួន ឱ្យនៅកម្រិតអប្បបរមាបំផុត មិនត្រូវដំឡើងថ្លៃ​សេវាស្នាក់នៅ។លោកបានណែនាំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ក៏ត្រូវរក្សាអនាម័យចំណីអាហារបរិស្ថានជុំវិញ​ឱ្យ​បាន​ស្អាតនិងលក់ក្នុងតម្លៃសមរម្យ សុំកុំដំឡើងថ្លៃម្ហូប។

តាមរយៈការអំពាវនាវនិងសេចក្តីណែនាំខាងលើនេះមន្ទីរទេសចរណ៍សង្ឃឹមជឿជាក់លើស្មារតីចូលរួមសហការឱ្យមានប្រសិទ្ធភាពបំផុតព្រោះការចូលរួមរបស់លោក លោកស្រី ប្រតិបត្តិករទេសចរណ៍ គឺជាផ្នែក​មួយក្នុងការលើកកម្ពស់មូលធនមនុស្សនៅកម្ពុជា។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ​បាក់ឌុប​ឆ្នាំនេះសម័យប្រឡងថ្ងៃទី៨ ខែតុលា សម្រាប់ខេត្តបាត់ដំបង មាន​មណ្ឌលប្រឡងចំនួន១៤មណ្ឌលស្មើនឹង៣៨៥បន្ទប់ និងមានបេក្ខជនសរុបចំនួន៩ ៥៥០នាក់ ។ឆ្នាំនេះ​ចំនួនបេក្ខជន​ពិការភាពក៏មាន​ការកើនឡើងច្រើន ជាងឆ្នាំមុនផងដែរ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner