សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីរឿងដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយទៅវត្តខ្មែរក្រោម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីរឿងដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែរទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយមានភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី០៧ ខែតុលា នេះថា ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ជាអកុសលឪពុកខ្ញុំទទួលមរណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារខ្ញុំសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើងគឺម្តាយក្មេកខ្ញុំមានជម្ងឺ និងមរណភាព នៅឆ្នាំ២០២០ យើងសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។ ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់ សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់”។

សម្តេចតេជោបានបញ្ជាក់ថា អង្គកឋិនទាននេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានសម្តេចនិងភរិយា ចូលរួមដោយផ្ទាល់។ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។

គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖ ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា
ពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ។ ធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម។ លើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូលចំណាយថវិកាពីប្រភពនានា និងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner